ខេត្តកំពង់ស្ពឺ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងថា ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និង ជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ទៅកាន់១០ប្រទេស ដោយបានបញ្ជូនកងកម្លាំងសរុបចំនួន ១០.៧២៧នាក់។ ទន្ទឹមនឹងនេះ កងមួកខៀវកម្ពុជាបានប្រឈមនឹងបញ្ហាសន្តិសុខ សង្គ្រាម ជំងឺឆ្លង និងគ្រោះធម្មជាតិ ដោយទាមទារឱ្យមានការបន្តពង្រឹងសមត្ថភាព ជំនាញ វិជ្ជាជីវៈ និងការធ្វើនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព។
ជោគជ័យទាំងនេះ គឺជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស, និង ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ ៕







ដោយ៖តារា










