ខេត្តមណ្ឌលគីរី ៖ យប់នេះ ! ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បើមិនមានការប្រែប្រួលទេ ក្រុមហ៊ុន «វាសនា» នឹងដឹកឈើ ៤ឡាន ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរីឆ្ពោះទៅខេត្តក្រចេះ ឆ្លងកាត់ក្រុមហ៊ុន អាន ម៉ារ៉ាឌី ដល់ស្រុកចិត្របុរី ។ ប៉ុន្តែត្រូវបានគេរាយការណ៍មកថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ គ្រាន់តែមិនដឹងថា ការដឹកជញ្ជូននេះ អនុលោមទៅតាម PC ឬមួយយ៉ាងណា ?
លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។ បើទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាម នាយខណ្ឌរដ្ឋបាលរូបនេះ ក៏មិនចូលមើល ឬឆ្លើយតបនៅឡើយទេ ថាតើ អនុញ្ញាតឲ្យដឹកឈើប្រភេទបែបណា ? ។ ដោយឡែកលោក លាង តំណាងឱ្យក្រុមហ៊ុន «វាសនា» តាមប្រព័ន្ធតេឡេក្រាម បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន (នគរវត្ត) យ៉ាងដូច្នេះថា , “លោកដឹកឈើជន្លង់ យកទៅធ្វើបង្គោលរបង” !
សូមជម្រាបជូនថា , ទោះជាក្រុមហ៊ុន «វាសនា» មានលិខិតអនុញ្ញាត PC ត្រឹមត្រូវបែបណាក៏ដោយ គេនៅតែដាក់ភាពសង្ស័យថា នឹងអាចបង្កប់ឈើផ្សេង ក្រៅពីឈើជន្លង់ ប្រសិនបើជំនាញមិនបានត្រួតពិនិត្យឱ្យដិតដល់ ។ ប៉ុន្តែក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សួរថា អាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឲ្យដឹកឈើជន្លង់ ឬឈើអារ ជាគ្រឿង ឬឈើប្រភេទឡាំជ្រុង លោក លាង តំណាងឱ្យក្រុមហ៊ុន «វាសនា» មិនបានធ្វើអត្ថាធិប្បាយបញ្ជាក់ជុំវិញបញ្ហានេះទេ។ គ្រាន់តែបកស្រាយថា ដឹកឈើជន្លង់យកទៅធ្វើរបងតែប៉ុណ្ណោះ។
ប្រភពគួរឱ្យទុកចិត្តបានបញ្ជាក់ថា ៖ ឡានទាំង៤គ្រឿង គឺដឹកជន្លង់ម្រេចពិតប្រាកដមែន គ្រាន់តែ២គ្រឿងដាក់តាមស្តង់ដារ ឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅខេត្តកំពង់ចាម ។ ចំពោះ ២គ្រឿងទៀតលើសស្តង់ដារឆ្លងកាត់ខេត្តក្រចេះទៅខេត្តត្បូងឃ្មុំ គោលដៅចំការអ្នកមានម្នាក់ ។
សូមបញ្ជាក់ថា , លោក គង់ គឹមនី អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី ដែលជាប្រធានបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី លោកយកចិត្តទុកដាក់បំផុត ជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ ត្រូវតែបង្ក្រាបរាល់បទល្មើសដែលកើតមាននៅភូមិសាស្រ្តខេត្តមណ្ឌលគិរី ។ ក្នុងនោះឱ្យគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។
ដូចជាកសាងផែនការសកម្មភាព តាមដានត្រួតពិនិត្យ បូកសរុប និងរាយការណ៍ជូនគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។
-ជួយរៀបចំ និងកសាងរបាយការណ៍ស្តីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារក្នុង ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ។
-រៀបចំការប្រជុំរបស់ក្រុមលេខាធិការដ្ឋាន និងគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ឱ្យបានទៀងទាត់។
-មានក្រុមលេខាធិការដ្ឋានគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានទីតាំងនៅសាលាខេត្តមណ្ឌលគិរី ។
-មានសិទ្ធិប្រើប្រាស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធតាមការចាំបាច់ ។
-បំពេញភារកិច្ចផ្សេងៗទៀត តាមការប្រគល់ភារកិច្ចពីគណៈកម្មការខេត្ត ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ ៕
ដោយ ៖ សិលា










