ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួច និងលួចមានស្ថានទម្ងន់ទោស ការរំលោភលើទំនុកចិត្ត ការប៉ុនប៉ងលួច លួចម៉ូតូ លួចខ្សែភ្លើង និងសម្ភារៈលោហៈ អំពើហិង្សាដោយចេតនា ព្រមទាំងករណីពាក់ព័ន្ធនឹងការកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទល្មើសផ្សេងៗទៀត ។
ជាលទ្ធផល សមត្ថកិច្ចបានបង្ក្រាបបទល្មើសចំនួន ១៨ ករណី និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៥នាក់ ដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលពាក់ព័ន្ធ និងអ្នកដែលកំពុងគេចខ្លួន ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត និងរកឃើញវត្ថុតាងពាក់ព័ន្ធជាច្រើនរួមមានម៉ូតូចំនួន ១២គ្រឿង អាវុធខ្លីចំនួន ១ដើម បង់អាវុធ និងគ្រាប់រំសេវចំនួន ២គ្រាប់ ទូរស័ព្ទដៃ ខ្សែភ្លើង សម្ភារៈលោហៈ ឧបករណ៍កាត់ខ្សែ កាំបិត ទួណឺវីស និងសម្ភារៈពាក់ព័ន្ធផ្សេងៗទៀត ។
ចំពោះសម្ភារៈវត្ថុតាងមួយចំនួនដែលជាផលនៃអំពើល្មើស ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ។ ចំណែកបុគ្គលចំនួន ៥នាក់ ដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយទទួលបានគោលការណ៍ដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្របតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងវិនិយោគិន ក្នុងខេត្តព្រះសីហនុ ៕










