ភ្នំពេញ៖ លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានអះអាងថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១អង្គភាពកីឡារបស់លោកនឹង ដណ្តើមយកមេដាយមាសឲ្យបានយ៉ាង តិចបំផុតក៏ចំនួន៤០គ្រឿងដែរ។ ព្រឹត្តិការណ៍ នេះនឹងចាប់ផ្តើមប្រកួតជាផ្លូវការពីថ្ងៃទី ២៥ ខែតុលាខាងមុខនេះ ខណៈដែលអង្គភាពកីឡាក្រសួងមហាផ្ទៃបានដាក់បញ្ចូលប្រភេទកីឡាចំនួន៩ ក្នុងនោះមានកីឡា ហែលទឹក ប៉េតង់ បាល់ទាត់ បាល់ទះ បាល់ បោះ២ក្រុមស្រី-ប្រុស កីឡាវាយកូនបាល់ កីឡាល្បុក្តតោ និងអត្តពលកម្មសរុបមាន កីឡាករកីឡាការិនីចំនួន១៤០នាក់បាន និងកំពុងហ្វឹកហាត់នៅឡើយ ។
នៅក្នុងចំណោម៩ប្រភេទកីឡានេះ លោកប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃមានសង្ឃឹមថា យ៉ាងហោចណាស់អត្តលិករបស់លោកនឹងអាចដណ្តើមយក មេដាយមាសពីព្រឹត្តិការណ៍ខាងលើចំនួន៤០គ្រឿងដែរមកជូនអង្គភាពដោយមិនរាប់បញ្ចូលមេដាយប្រាក់និងមេដាយសំរឹទ្ធិនោះទេ។
លោកបានបញ្ជាក់ទៀតថា ក្នុង ចំណោម១៥ប្រភេទកីឡាដែលក្រសួងអប់រំយុវជននិងកីឡាបានកំណត់ដាក់ឲ្យប្រកួតនោះក្រសួងមហាផ្ទៃបានសម្រេចដាក់បញ្ចូល តែ៩ប៉ុណ្ណោះ ព្រោះ៩ប្រភេទកីឡានេះសុទ្ធ តែជាកីឡាដែលមានសក្តានុពលខ្ពស់អាចរំពឹងរកមេដាយបានច្រើន រីឯ៦ប្រភេទ កីឡាទៀតដូចជា ចំបាប់ កីឡាវាយសី កាយសម្ព័ន្ធ កីឡាតេក្វាន់ដូ ការ៉ាត់តេដូ យូដូ មិនបានដាក់បញ្ជូលនោះទេ ដោយអង្គ ភាពគិតថាប្រភេទកីឡាទាំងនេះមិនទាន់មានសក្តានុពលគ្រប់គ្រាន់ក្នុងការប្រជែងយកមេដាយ ។
គួររំលឹកថា ឆ្នាំ២០១៦នេះគឺជាការចាប់ផ្តើមអនុវត្តផែនការមេកីឡាស៊ីហ្គេមឆ្នាំ ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះ ហើយព្រឹត្តិការណ៍កីឡាជាតិលើកទី១គឺ ជាកម្មវិធីប្រកួតតម្រង់ទិសមួយដែលរៀបចំរៀងរាល់២ឆ្នាំម្តងដោយក្រសួងអប់រំយុវជននិងកីឡាសហកាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងសហព័ន្ធកីឡាជាតិ ដើម្បីសម្រួចគុណភាពមន្ត្រី និងកីឡាករកីឡាការិនីប្រកបដោយសមត្ថភាពខ្ពស់៕
ដោយ៖ សារីម