អតីតគិលានុបដ្ឋាយិកាជនជាតិចិន Zhang Shuihua រកចំណូលបានប្រមាណ ៥ លានយ័ន ឬជិត ៧៥ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ១០ ខែ បន្ទាប់ពីលាឈប់ពីការងារនៅមន្ទីរពេទ្យ ដើម្បីផ្តោតលើអាជីពរត់ម៉ារ៉ាតុង។
កាលពីថ្ងៃទី១៨ ខែតុលា នាងបានឈ្នះវិញ្ញាសានារីក្នុងការប្រកួត Xi’an Marathon ដោយប្រើពេល ២ ម៉ោង ២៩ នាទី និង ៧ វិនាទី ជាកំណត់ត្រាល្អបំផុតផ្ទាល់ខ្លួន និងជាកំណត់ត្រាថ្មីសម្រាប់ផ្លូវប្រកួតនេះ។ ជ័យជម្នះនេះបានផ្តល់ឱ្យនាងនូវប្រាក់រង្វាន់ជិត ១៥,០០០ ដុល្លារ។
Zhang ធ្លាប់ធ្វើការជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ First Affiliated Hospital of Fujian Medical University ដោយហ្វឹកហាត់រត់ក្នុងពេលទំនេររវាងវេនការងារ។ នាងបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅឆ្នាំ២០២៥ បន្ទាប់ពីស្រក់ទឹកភ្នែកក្នុងបទសម្ភាសន៍ក្រោយការប្រកួត Harbin Marathon ដោយរៀបរាប់ពីការលំបាកក្នុងការប្តូរវេនការងារដើម្បីចូលរួមការប្រកួត។
នៅខែធ្នូ ឆ្នាំ២០២៥ មន្ទីរពេទ្យបានចាត់វិធានការវិន័យលើនាង ដោយសារទទួលប្រាក់ពីការផ្សព្វផ្សាយពាណិជ្ជកម្មដោយមិនមានការអនុញ្ញាតត្រឹមត្រូវ និងផ្តល់ហេតុផលមិនពិតនៅពេលស្នើសុំប្តូរវេន។ នាងបានប្រកាសលាឈប់ពីការងារនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
ក្រោយលាឈប់ Zhang បានឈ្នះការប្រកួតជាបន្តបន្ទាប់ រួមទាំងការបំបែកកំណត់ត្រានៅ Lishui និង Liuzhou Marathon។ ក្រៅពីប្រាក់រង្វាន់ នាងក៏រកចំណូលពីកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សាយផ្ទាល់ និងបណ្តាញសង្គមផងដែរ។ ចំនួនអ្នកតាមដានរបស់នាងបានកើនពី ៩ ម៉ឺននាក់ ដល់ជាង ១៨ ម៉ឺននាក់។
យោងតាមសារព័ត៌មាន Sohu ប្រាក់ចំណូលសរុបមុនបង់ពន្ធរបស់នាងក្នុងរយៈពេល ១០ ខែ រួមមានប្រាក់រង្វាន់ ថ្លៃបង្ហាញខ្លួន និងចំណូលពាណិជ្ជកម្ម បានកើនដល់ប្រមាណ ៧០ ម៉ឺនដុល្លារ។
ទោះជាយ៉ាងណា ដំណើរអាជីពរបស់នាងមិនតែងតែរលូនទេ ដោយនាងបានរងរបួសបាក់ឆ្អឹងនៅដើមឆ្នាំ២០២៦ មុនពេលត្រឡប់មកហ្វឹកហាត់ និងប្រកួតវិញ។ នៅពេលត្រូវបានសួរថាតើនាងសោកស្តាយចំពោះការលាឈប់ពីអាជីពគិលានុបដ្ឋាយិកាឬអត់ Zhang បាននិយាយថា អ្វីដែលសំខាន់គឺការសម្លឹងទៅមុខ និងរស់នៅក្នុងបច្ចុប្បន្នឱ្យបានល្អបំផុត៕










