ខេត្តកណ្ដាល៖ ករណីឃាតកម្មដ៏រន្ធត់មួយ ត្រូវបានរាយការណ៍ថា ប្ដីសង្ស័យសម្លាប់ប្រពន្ធ រួចរត់គេចខ្លួន បង្កការតក់ស្លុតដល់ប្រជាពលរដ្ឋនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
តាមព័ត៌មានបឋម ករណីនេះត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងជម្លោះប្រចណ្ឌក្នុងគ្រួសារ។ ក្រោយកើតហេតុ ជនសង្ស័យជាប្ដីបានរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី សីហា ភេទស្រី អាយុ៤០ឆ្នំា ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិ.ឃុំកើតហេតុ (ត្រូវជាប្រពន្ធ) និងជនសង្ស័យ ០១នាក់ ឈ្មោះ អុឹម អេង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាសអេប មានស្រុកកំណើតភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើជាមួយគ្នា ( ត្រូវជាប្តី ) (គេចខ្លួន) ។
មុនពេលកើតហេតុថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៦ ជនរងគ្រោះបានទៅធ្វើការរោងចក្រកាត់ដេ(យីដា)ធ្វើការបានមួយព្រឹកក៏ចេញពីរោងចក្រត្រទ្បប់មកផ្ទះវិញ បានជូនប្អូនស្រីឈ្មោះ លី មិនា ទៅមណ្ឌលសុខភាពឃុំបន្ទាយដែកពិនិត្យជំងឺ។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកHONDA ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CQ 2059 ចេញទៅជាមួយមិត្តភ័ក្រ្តមិនស្គាល់អត្តសញ្ញាណ។ ចំណែកជនសង្ស័យជាប្តីបានបើកផាសស្អាប់មកដល់ផ្ទះមុនរួចនៅខាងក្រោមផ្ទះ ដល់ម៉ោងប្រហែល១៩:៣៥នាទីជនរងគ្រោះបានត្រលប់មកដល់ផ្ទះតាមក្រោយរួចបានទុកម៉ូតូនៅក្រោមផ្ទះហើយដើរទ្បើងទៅលើផ្ទះចូលដេកក្នុងបន្ទប់ដូចសព្វដង។
រហូតដលើម៉ោង២០:១៥នាទី ជនសង្ស័យជាប្តីបានទ្បើងទៅលើផ្ទះតាមក្រោយ ដោយពុំមានឮសម្លេងប្រកែកគ្នានោះទេ រហូតដល់ម៉ោង៥:១៥នាទីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ជនសង្ស័យជាប្តីបានដើរចុះពីលើផ្ទះរួចបានបើកផាសស្អាប់ចេញទៅបាត់ ។
លុះដល់ម៉ោង៩:៣០នាទីម្តាយបង្កើតឮចៅស្រែកហៅម្តាយមិនព្រមឆ្លើយ,គាត់បានដើរទ្បើងទៅលើផ្ទះហើយទៅគោះទ្វាបន្ទប់ដែលជាប់គន្លឹះហើយមិនឮឆ្លើយ ដោយសង្ស័យម្តាយបានយកពូថៅមកគាស់ជញ្ជាំង រួចចូលតាមជញ្ជាំងបើកទ្វាក៏បានឃើញជនរងគ្រោះដេកនៅលើពូកដោយមានខ្នើយគ្របនៅលើក្បាល បានយកដៃទាញខ្នើយចេញ ក៏ឃើញមានឈាមប្រឡាក់នៅលើពូកនឹងឃើញជនរងគ្រោះដេកស្លាប់ទើបស្រែកឲ្យបងប្អូនមកជួយនិងបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែក។
ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍និងជំនាញកងរាជអាវុធហត្ថ បានចុះទៅដល់កន្លែងកើតនិងធ្វើការហ៊ុំពទ្ធ័ជុំវិញកន្លែងកើតហេតុរងចាំជំនាញកោសល្យវិច្ច័យខេត្តចុះមកពិនិត្យសព ។
តាមការសាកសួរព័ត៌មានបឋមពីម្តាយ សាច់ញាតិ បងប្អូន ជនរងគ្រោះ និង អ្នកជិតខាងបានឲ្យដឹងថា ជនសង្ស័យជាប្តីតែងតែប្រចន្ទរករឿងឈ្លោះប្រកែកជាមួយជនរងគ្រោះជាញឹកញាប់ ។
តាមការពិនិត្យសាកសព មានស្នាមច្របាច់ក លៀនអណ្តាត មានស្នាមឈាមចេញតាមច្រមុះ.មាត់ ហូរប្រឡាក់ថ្ពាល់ ក្រៅពីនោះមិនមានស្លាកស្នាមអ្វីផ្សេង ទៀតនោះទេ។តាមការពិនិត្យសពរបស់ជំនាញ គ្រូពេទ្យ និងអាជ្ញាធរសពពិតជាស្លាប់ដោយសារករណីឃាតកម្ម ( ច្របាច់ក ) ពិតប្រាកដមែនដោយសារភ្លើងប្រចន្ទ ។
បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ចំណែកជនសង្ស័យជំនាញកំពុងស្រាវជ្រាវនិងស្វែងរកចាប់ខ្លួន៕
ដោយ៖ សុរិយា










