បុរសម្នាក់សង្ស័យប្រពន្ធមានសហាយយកប្រេងសាំងចាក់ដុតបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង÷ បុរសម្នាក់បានចោទប្រពន្ធខ្លួនថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង ហើយដោយសារភ្លើងកំហឹងក៏ទិញសាំងយកមកចាក់ស្រោចលើប្រពន្ធហើយដុតនាងទាំងរស់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរពេញមួយចំហៀងខ្លួន ខណៈជនរងគ្រោះកំពុងតែដេកលើអង្រឹងនៅក្រោមផ្ទះ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលស្រុកឱ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ នួន ស៊ីយាន អាយុ៣១ឆ្នាំ មានមុខរបរជាកសិករ និងមានស្រុកកំណើតនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ។

ចំណែកឯប្រពន្ធ (ជនរងគ្រោះ ) មានឈ្មោះ រិន ពៅ អាយុ២៩ឆ្នាំ ហើយឥឡូវនេះត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ករណីហិង្សានេះ គឺបានកើតឡើងដោយសារជម្លោះប្រចណ្ឌរវាងប្តី-ប្រពន្ធ។
ជនសង្ស័យបានចោទប្រពន្ធថាមានទំនាក់ទំនងស្នេហាជាមួយបុរសផ្សេង និងដោយបានទាក់ទងគ្នាតាមរយៈការឆាតតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) និង តេឡេក្រាម (Telegram)។

ក្រោយកើតហេតុ កម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមានចេតនាសម្លាប់ប្រពន្ធ ហើយថែមទាំងមានគម្រោងតាមសម្លាប់បុរសដែលខ្លួនសង្ស័យជាសហាយរបស់ប្រពន្ធទៀតផង។

ទោះជាយ៉ាងណា ជនសង្ស័យមិនបានបញ្ជាក់អំពីអត្តសញ្ញាណបុរសដែលខ្លួនចោទប្រកាន់នោះទេ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print