ខេត្តព្រះសីហនុ៖ ក្រុមគ្រូពេទ្យឆ្មបមណ្ឌលសុខភាពរាម ចុះជួយសម្រាលកូនបន្ទាន់នៅឯផ្ទះ ជូនស្ត្រីម្នាក់ដោយសុវត្ថិភាពទាំងម្តាយទាំងកូន នៅខេត្តព្រះសីហនុ ។
អភិបាលក្រុងកំពង់សោមបញ្ជាក់ថា ទារកជាកូនប្រុសមានទម្ងន់ជាង ៣គីឡូក្រាម និងត្រូវបានបញ្ជូនមកសម្រាកតាមដានសុខភាពនៅមណ្ឌលសុខភាពរួចរាល់
សមត្ថកិច្ចបានឲ្យដឹងថា យប់កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យឆ្មបនៃមណ្ឌលសុខភាពរាម ស្ថិតក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានចុះទៅជួយសង្គ្រោះបឋម និងសម្រាលកូនបន្ទាន់ដល់ស្ត្រីម្នាក់ដែលឈឺពោះសម្រាលកូននៅឯផ្ទះ ស្ថិតក្នុងភូមិតាលះ សង្កាត់រាម ដោយទទួលបានជោគជ័យ និងមានសុវត្ថិភាពល្អប្រសើរ។
តាមរយៈ លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានឱ្យដឹងនៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះថា ករណីនេះត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរភូមិជួយរាយការណ៍បន្ទាន់មកកាន់មណ្ឌលសុខភាពរាម ដើម្បីសុំកិច្ចអន្តរាគមន៍គ្រូពេទ្យជំនាញចុះជួយភ្លាមៗ។ ស្ត្រីជាម្តាយបានឈឺពោះសម្រាលកូននៅផ្ទះ ដោយទទួលបានការជួយសង្គ្រោះទាន់ពេលវេលាពីក្រុមគ្រូពេទ្យឆ្មប ទទួលបានទារកជា កូនប្រុស មានសុខភាពល្អ និងមានទម្ងន់ជាង ៣គីឡូក្រាម។
ការតាមដានសុខភាពបន្ត បច្ចុប្បន្ន ទាំងម្តាយ និងទារកត្រូវបានក្រុមគ្រូពេទ្យរៀបចំដឹកជញ្ជូន និងបញ្ជូនមកសម្រាកតាមដានសុខភាពបន្តនៅមណ្ឌលសុខភាពរាម ក្រុងកំពង់សោម ក្រោមការមើលថែទាំយ៉ាងដិតដល់ពីក្រុមគ្រូពេទ្យជំនាញ៕
ដោយ៖ សុរិយា










