ក្លិបបាល់ទាត់ Swansea City បាន សម្រេចចិត្តជ្រើសយកលោក Bob Bradleyអតីតអ្នកចាត់ការទូទៅជម្រើសជាតិអាមេរិកមកជំនួសតំណែងរបស់លោក Francesco Guidolin ដែលត្រូវបានបណ្តេញចេញ។
ក្រុម Swansea Cityពុំទាន់ស្គាល់រសជាតិឈ្នះម្តងណាឡើយចាប់តាំងពីបើករដូវកាលថ្មីហើយបច្ចុប្បន្នកំពុងតែឈរលំដាប់លេខ១៧នៅអង់គ្លេស Premier League ។
លោក Huw Jenkinsប្រធានក្លិប Swanseaបានបញ្ជាក់ថាគាត់មានការខកចិត្តយ៉ាងខ្លាំងដែលបាន បញ្ចប់តំណែងរបស់លោក Guidolin ប៉ុន្តែពេលនេះក្លិបត្រូវការឲ្យអ្វីៗផ្លាស់ប្តូរដើម្បីស្ថិតនៅលើផ្លូវវិជ្ជមាន។
មុនពេលសម្រេចចិត្តជ្រើសរើសយក Bob Bradley ដែលកំពុងតែដឹកនាំក្រុម Le Havre នៅក្របខ័ណ្ឌលំដាប់លេខ២របស់ បារាំងថ្នាក់ដឹកនាំក្រុម Swansea City ក៏បានសម្ភាសបេក្ខជនជាច្រើនរួមទាំងលោក Ryan Giggs អតីតប្រធានក្រុមបិសាចក្រហមManchester Unitedផងដែរ ។
គួរបញ្ជាក់ថា អ្នកចាត់ការវ័យ៥៨ឆ្នាំ សញ្ជាតិអាមេរិក Bob Bradley ធ្លាប់មាន បទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិ អាមេរិក អេហ្ស៊ីប និង ក្លិប Stabaek របស់ ន័រវេស មុនទៅដឹកនាំក្រុម Le Havre ៕
ដោយ៖ ដេវីត