រដ្ឋាភិបាលទីក្រុងញូវដេលី បានជម្រុញកិច្ចពិភាក្សា ស្តីពីការទិញយន្តហោះចម្បាំងវាយលុកគ្មានមនុស្សបើករបស់អាមេរិក ដោយព្រួយបារម្ភខ្លាចមានការផ្លាស់ប្តូរនយោបាយ ក្រោយអាមេរិកមានប្រធានាធិបតីថ្មី។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលទីក្រុងញូវដេលីបានខិតខំឲ្យមានកិច្ចព្រមព្រៀង ទិញយន្តហោះគ្មានមនុស្សបើកប្រភេទ Predator សម្រាប់តាមដានសកម្មភាពនិងវាយលុក ទៅលើទីតំាងសត្រូវ។
ឥណ្ឌាបានកុម្ម៉ង់ទិញយន្តហោះប្រភេទនេះរហូតដល់ ២២គ្រឿងឯណោះ មុនពេលប្រធានាធិបតីអូបាម៉ាបញ្ចប់អាណត្តិរបស់លោក។ បច្ចុប្បន្នមេដឹកនាំឥណ្ឌានិងអាមេរិកមានទំនាក់ទំនងយ៉ាងល្អប្រសើរ ហើយមិនដឹងថាក្រោយអាមេរិកផ្លាស់ប្តូរប្រធានាធិបតីនោះមានទំនាក់ទំនងដូចដើមដែរឬក៏យ៉ាងណានោះទេ?
ការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែគគ្រឹកគគ្រេងពីមួយថ្ងៃទៅមួយថ្ងៃដោយល្បឿននៃការអភិវឌ្ឍលឿនហួសពីការស្មាន។ ស្ថានភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការ ចំណាយប្រាក់ដ៏មហាសាលរបស់ប្រទេស មហាអំណាចសម្រាប់ផលិតសព្វាវុធទំនើបៗ របស់ខ្លួន។
ជាមួយនឹងការទិញដូរអាវុធកាន់តែកើនឡើងនោះបានធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែក្តៅខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពេលកន្លងមកថ្មីៗ អាមេរិកសាកល្បងបានជោគជ័យនូវយន្ដហោះ X-37B ដែលអាចបំពេញភារកិច្ចយោធាបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះអាមេរិកក៏ជំរុញឱ្យ ផលិតឧបករណ៍ហោះហើរ X-47B ដែល ទំនើបជាងមុនទៅទៀត។ ក្នុងពេលនោះ យន្ដហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិកក៏ដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ី ហ្វិក ជាពិសេសអាមេរិកកំពុងបង្កើនកម្លាំងសព្វាវុធដល់កម្លាំងទាហានដែលបោះ ទីតាំងនៅតំបន់អាស៊ីភាគឦសាន។
តាមបណ្ដាញផ្សព្វផ្សាយនានារបស់អង់គ្លេសបានឱ្យដឹងថា អាមេរិកមានគម្រោងចំណាយ ប្រាក់១២,៦ពាន់លានដុល្លារ ដើម្បីសាង សង់ និងពង្រីកទីតាំងយោធានៅលើកោះ Guam ប្រទេសជប៉ុន។ ទាំងនោះជាការចំណាយប្រាក់ដ៏ធំបំផុតសម្រាប់សាងសង់ ទីតាំងយោធានៅអាស៊ីប៉ាស៊ីហ្វិករបស់ អាមេរិកចាប់តាំងពីសង្គ្រាមលោកលើក ទី២មកទល់ពេលនេះ។
បច្ចុប្បន្នចំនួនគ្រាប់បែក-ក្បាលគ្រាប់ បរមាណូរបស់អាមេរិកអាចបំផ្លាញពិភពលោកទាំងមូលឱ្យរលាយបាត់សូន្យឈឹង។ ប្រព័ន្ធ ការពារកាំជ្រួចមីស៊ីលរបស់អាមេរិកក្លាយជារនាំងមួយដ៏មានប្រសិទ្ធភាពគ្មានកាំជ្រួច មីស៊ីលណាមួយដែលអាចវាយប្រហារ ចូលទៅទឹកដីអាមេរិកបានឡើយ។ ចំណែក កងកម្លាំងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិកអាចវាយប្រហារបានចំគោល ដៅណាមួយនៅលើភពផែនដីក៏ដូចជា យន្ដហោះទម្លាក់គ្រាប់បែកអាចបំពេញភារកិច្ចវាយលុកដោយគ្មានសត្រូវណាមួយ អាចតដៃបាននោះឡើយ។
ពេលកន្លងមកថ្មីៗ ជប៉ុនបានប្រកាសគម្រោងដាក់បន្ថែមកាំជ្រួចមីស៊ីលការពារ Patriot និងជំរុញឱ្យផលិតនាវាចម្បាំងដែល បំពាក់កាំជ្រួចមីស៊ីល Aegis នៅក្នុងកម្មវិធីមួយសម្រាប់ទប់ទល់ការវាយលុករបស់ សត្រូវ។ ចាប់តាំងពីអំឡុងទសវត្ស៨០ សតវត្សទី២០ រហូតមកទល់ពេលនេះ ជាង៩០ភាគរយ សព្វាវុធរបស់កម្លាំងការពារជាតិជប៉ុនគឺផលិតនៅក្នុងស្រុក ហើយភាគច្រើននៃសព្វាវុធទាំងនោះមានកម្រិតឈានមុខគេនៅលើពិភពលោក។ បច្ចុប្បន្ន វិស័យឧស្សាហកម្មអវកាស និងកាំជ្រួចមីស៊ីលរបស់ជប៉ុនបានក្លាយទៅជាប្រព័ន្ធ ស្រាវជ្រាវវិទ្យាសាស្ដ្រ និងផលិតមានកម្រិត ស្ដង់ដារខ្ពស់ ពិសេសកាំជ្រួចមីស៊ីលសម្រាប់ នាំផ្កាយរណបទៅកាន់លំហអាកាស H 2-A និង M-5។ ផ្កាយរណបត្រួតពិនិត្យនៅលើពិភពលោកស្ថានីយអវកាសពិភពលោក របស់ជប៉ុនសុទ្ធតែមានកម្រិតល្អដាច់គេនៅលើពិភពលោក។
នាវាមុជទឹកធម្មតាដែលជប៉ុនស្រាវ ជ្រាវ និងផលិតឡើងក៏មានបច្ចេកវិទ្យានាំ មុខគេនៅលើពិភពលោកផងដែរ។ នាវា ចម្បាំង Aegis និង Osumi ក៏មានចំណុច ពិសេសដាច់គេទៀតផង។ អំពីឧបករណ៍ សម្រាប់ទាហានអាកាសជប៉ុនមានចំនួន យន្ដហោះចម្បាំង F-15 ច្រើនជាងគេបង្អស់ ទី២បន្ទាប់ពីអាមេរិក។ សមត្ថភាពធ្វើសង្គ្រាម នៅលើដែនអាកាសរបស់ជប៉ុនអាច និយាយបានថា ឈរលំដាប់កំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ចំណែកចិនក៏កំពុងកែប្រែលើវិស័យយោធាក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនទទួល បានជោគជ័យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី២នៅលើពិភពលោក។ អំពី កម្លាំងយោធាចិននឹងមានគម្រោងផលិតយន្ដហោះទំនើបៗជាច្រើនគ្រឿង និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ចិនក៏ប្រកាសពីប្រភេទយន្ដហោះបំបាំងកាយ J-20 របស់ខ្លួនផងដែរ។ កាំជ្រួចមីស៊ីលដែលទីក្រុងប៉េកាំងផលិតនោះអាចមានសមត្ថភាពបាញ់ចំគោលដៅបានចម្ងាយ៤ពាន់គីឡូម៉ែត្រ។ កាំជ្រួចមីស៊ីលថ្មីទាំងនោះជាផ្នែក មួយនៃប្រព័ន្ធការពារតាមដែនអាកាស របស់ចិន។ ទាំងនោះជាយុទ្ធសាស្រ្តក្នុង ការទប់ស្កាត់ការវាយប្រហារណាមួយពីដែន សមុទ្រក៏ដូចពីលើដែនអាកាស។ លើសពី នេះទៅទៀតចិនក៏ខិតខំជំរុញដាក់ឱ្យប្រើប្រាស់នូវនាវាផ្ទុកយន្ដហោះនៅក្នុងឆ្នាំ នេះ។ តាមតួលេខរយៈពេល១០ឆ្នាំកន្លង មកចិនបានទិញសព្វាវុធដែលមានតម្លៃ រហូតដល់១៥០ពាន់លានដុល្លារ។
ឥណ្ឌាដែលជាប្រទេសចំណាយប្រាក់សម្រាប់ក្រសួងការពារជាតិ៣២ពាន់លាន ដុល្លារក្នុងមួយឆ្នាំ ក៏បានបង្កើនបន្ថែម៨ ភាគរយទៀតក្នុងពេលដែលកម្លាំងទ័ព របស់ចិន និងប៉ាគីស្ថានកាន់តែខ្លាំងឡើងៗនោះ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ឥណ្ឌានឹងមាននាវាផ្ទុកយន្ដហោះ២គ្រឿង ប្រភេទ INS Vikramaditya និង INS Vikrant ព្រមទាំងនាវាចម្បាំងប្រភេទទំនើប ជាច្រើនគ្រឿងទៀតផង។ ក្រោយពេល គម្រោងខាងលើបានជោគជ័យឥណ្ឌានឹងមាននាវាចម្បាំងទាំងអស់១៤០គ្រឿង។
ដោយឡែកកូរ៉េខាងត្បូងក៏សម្រេច ចំណាយប្រាក់៥៥០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍសព្វាវុធយោធាក្នុងរយៈ ពេល១៥ឆ្នាំ។ ចំណែកប្រទេសកូរ៉េខាង ជើងបានរក្សានូវអាថ៌កំបាំងស្ដីពីផែនការការពារជាតិ ប៉ុន្ដែកម្លាំងរបស់កូរ៉េខាងជើងក៏អាចប្រៀបផ្ទឹមនឹងប្រទេសជិតខាងដូច កូរ៉េខាងត្បូងបានដែរ។ ទាំងនោះហើយ ដែលធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេច ចិត្ដបង្កើនប្រាក់សម្រាប់អភិវឌ្ឍសព្វាវុធ។
ក្នុងពេលនោះដែរ តំបន់អាស៊ីភាគអាគ្នេយ៍ក៏បង្កើនការនាំចូលសព្វាវុធទំនើបៗពីបរទេស។ សិង្ហបុរីក៏មានគម្រោងទិញ នាវាមុជទឹក២គ្រឿងថែមទៀត។ អូស្ដ្រាលី មានគម្រោងចំណាយប្រាក់១៧៩ ពាន់លានដុល្លារ រយៈពេល២០ឆ្នាំខាងមុខ ដើម្បីទិញនាវាមុជទឹកនាវាចម្បាំង និងយន្ដ ហោះចម្បាំង។
បណ្ដាប្រទេសជាច្រើននៅលើពិភព លោក ពិសេសប្រទេសមហាអំណាចធំៗ ដូចជាអាមេរិក ចិន ឥណ្ឌា រុស្ស៊ី កំពុងប្រកួត ប្រជែងសព្វាវុធយ៉ាងខ្លាំង។ ការប្រកួត ប្រជែងអាចនឹងបង្កឱ្យមានបដិវត្ដន៍មួយនៅក្នុងសង្គ្រាមលើដែនសមុទ្រធ្វើឱ្យផ្លាស់ប្ដូរតុល្យភាពនៃសិទ្ធិអំណាចលើពិភពលោក។ ឥណ្ឌានិងរុស្ស៊ីបានចាប់ដៃរួមគ្នាអភិវឌ្ឍកាំជ្រួចមីស៊ីល Brahmos ជំនាន់ទី២ ដែលអាចហោះហើរក្នុងល្បឿន៧.៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចិនក៏កំពុងផលិត កាំជ្រួចមីស៊ីលវាយលុកដែលមានល្បឿនលឿនជាងសំឡេង DF-21D ។ ចំណែកអាមេរិកក៏កំពុងជំរុញផលិតកាំជ្រួចមីស៊ីលប្រភេទ X-51A ដែលមានល្បឿនលឿនជាងសំឡេងជាច្រើនដងទៅទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី