ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំនួន១០ភូមិមានជាង១ម៉ឺនក្បាលដី បានមកទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិ បាលបានសម្រេចឆ្វៀលដីទាំងនេះប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាអតីតៈនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានិងបន្តថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន សម្រេច ប្រគល់ដីទាំងនេះជូនប្រជាពលរដ្ឋចំនួន១១៣២១ ប័ណ្ណដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពេលនេះបងប្អូនប្រពលរដ្ឋទាំងអស់គ្នាមិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកំសាន្ត ដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះឱ្យបានកាន់ល្អប្រសើរថែម ទៀត។ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។
ក្នុងឱកាសនោះ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍ឱ្យដឹងថា៖ ដោយសារទីតាំងខាងលើមិនមានការពង្រីកព្រលានយន្តហោះទៀតទើប រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្មនិងសំណង់និងរដ្ឋបាលរាជធានីភ្នំពេញចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលឆ្កៀលជូនប្រជា ពលរដ្ឋនេះមានចំនួន១១៣២១ប័ណ្ណ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា៖ ដីខាងលើនេះជាដីដែលបានបង្កកយូរហើយ ហើយថ្មីៗ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕
ដោយ៖ សំរិត









