មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ សហការជាមួយមន្ត្រីបរិស្ថានហ៊ុំព័ទ្ធទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ដើម្បីប្រគល់ជូនស្ថាប័ន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នាពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងអ្នកផ្ដល់ព័ត៌មានសម្ងាត់ ស្ដីពីការដឹក ជញ្ជូន និងលាក់ទុកឈើខុសច្បាប់នៅក្នុងផ្ទះចាំចំការមួយកន្លែងស្ថិតនៅតំបន់ច្រកតោល ក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានពិភាក្សា ជាមួយលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ចាត់វិធានការប្រើប្រាស់កម្លាំងចម្រុះ ដើម្បីហ៊ុំព័ទ្ឋ ទីតាំងលាក់ទុកឈើមួយកន្លែងខាងលើនេះ ពីខាងក្រៅទីតាំង ដើម្បីគោរពស្នើសុំយោបល់ទៅព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមនីតិវិធីច្បាប់ ។ បន្ទាប់​មក​ប្រធាន​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​ បាន​សម្រេច​ចេញ​ដីកា​លេខ​ ១០៧៥​ ដក​ ឆ​ ឆ​/​ ២៦​ ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៦​ អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ឆែកឆេរ​ ។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បាន​ចាត់តាំងព្រះរាជអាជ្ញារង មួយរូប សហការជាមួយកងកម្លាំង ពាក់ព័ន្ធ រួមជាមួយនិងអាជ្ញាធរដែនដី ដើម្បីធ្វើការត្រួតពិនិត្យ ផ្ទះចាំចំការ ដែលមានស្តុកឈើខុសច្បាប់ មួយកន្លែងនៅតំបន់ច្រកតោល ដែលជាឧបសម្ព័ន្ធនៃភូមិជាំស្វាយ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយបានរកឃើញឈើ ប្រភេទលេខ១ និងប្រភេទលេខ២ ចំនួន ៩ម៉ែត្រគូប និង​៧២​ ផ្លាន ។ បច្ចុប្បន្នឈើទាំងនេះត្រូវបាន សមត្ថកិច្ចជំនាញ ដឹកជញ្ជូនមកកាន់ ទីស្នាក់ការរងបរិស្ថានប្រចាំច្រកតោល ដើម្បីរក្សាទុកចាត់ការតាមនីតិវិធីច្បាប់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ គឺមានភារកិច្ចនៅខាងក្រៅបរិវេណទីតាំងនៃការអនុវត្តនីតិវិធីច្បាប់ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ស្ថាប័នជំនាញ មេត្តាចាត់វិធានការការតាមផ្លូវច្បាប់ ដើម្បីផ្ដន្ទាទោសជនដែលបានប្រព្រឹត្តកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ នឹងអ្នកពាក់ព័ន្ធឱ្យបានធ្ងន់ធ្ងរបំផុតស្របតាមច្បាប់កំណត់ ដើម្បីធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសរៀងចាល ដោយកន្លងទៅ និងបច្ចុប្បន្ននេះកងកម្លាំងចម្រុះ ដែលមានកម្លាំងកងទ័ពជាស្នូល បានកំពុងបំពេញភារកិច្ចការពារទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ជាច្រើនទីបញ្ជាការស្រាល មិនមានពេលឈប់សម្រាកឡើយ តែជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ ក្រោមការក្លែងបន្លំតាមគ្រប់រូបភាព​និង​តាមវិធីផ្សេងៗ គិតទាំងការឆក់ឱកាសលួចកាប់ និងដឹកជញ្ជូននៅពេលយប់ ទៀតផង ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print