ភ្នំពេញ:ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុប១០៣១បណ្ដឹង ក្នុងនោះ បានចាត់ការពិនិត្យសិក្សាចំនួន៩០១បណ្ដឹង និងដោះស្រាយបាន៨៦៣បណ្ដឹង។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥ ចំនួនបណ្ដឹងកើនឡើង៣២០បណ្ដឹង ស្មើនឹង៥៥ភាគរយ។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋាន ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្នុងចំណោមបណ្តឹងទាំងនោះ បណ្តឹងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ មាន១២២បណ្ដឹង ប្រជាពលរដ្ឋជាមួយមន្ត្រីរាជការមាន២៣៨បណ្ដឹង មន្ត្រីរាជការជាមួយមន្ត្រីរាជការមាន៧បណ្ដឹង ប្រជាពលរដ្ឋជាមួយអង្គភាពចំណុះក្រសួងមហាផ្ទៃមាន១៣បណ្ដឹង និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចមន្ត្រីរាជការមាន៥២១បណ្ដឹង។
ពាក្យបណ្តឹងទាំងនោះ អគ្គាធិការដ្ឋានទទួលបានតាមទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៨បណ្ដឹង តាមការបញ្ជាផ្ទាល់ពី ឯកឧត្តមអភិសន្តិបណ្ឌិត មាន២០បណ្ដឹង តាមរយៈក្រុមការងារតាមដានការអនុវត្តគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មាន៨បណ្ដឹង តាមការដាក់ពាក្យបណ្ដឹងផ្ទាល់មកក្រសួងមហាផ្ទៃមាន ៧៨បណ្ដឹង តាមទំព័រហ្វេសប៊ុកអគ្គាធិការដ្ឋានមាន១៦បណ្ដឹង តាមស្រង់ខ្លឹមសារសារព័ត៌មានតាមបណ្ដាញសង្គម៥៤១បណ្ដឹង និងតាមប្រព័ន្ធអនឡាញ CSS ទទួលបាន៣៦០បណ្ដឹង។
បន្ទាប់ពីទទួលបានបណ្ដឹង និងដើម្បីមានមូលដ្ឋានដោះស្រាយពាក្យបណ្ដឹង អគ្គាធិការដ្ឋានទទួលបានរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន៤៥៦របាយការណ៍។ អគ្គាធិការដ្ឋាន ក៏បានពិនិត្យចាត់ចែងពាក្យបណ្ដឹង និងបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន៦២៩បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន៣៤៧។
ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវ ១០៣បណ្ដឹង និងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំនួន ១២គោលដៅ ស្មើនឹង ៦២ស.ជ.ណ។
ជារួម លទ្ធផលក្នុការងារក្នុងរយៈពេល៩ខែមកនេះ អគ្គាធិការដ្ឋាន បានដោះស្រាយពាក្យបណ្ដឹងចំនួន៨៦៣បណ្ដឹង ស្មើនឹង ៧៩ភាគរយ នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង ២ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកនៃអគ្គាធិការដ្ឋាន ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។
អគ្គអធិការដ្ឋាន មានតួនាទី និងភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ជាដើម។ អគ្គាធិការរដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ជ្រោយពេជ្រ










