ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបង្ហាញនាឡិកាប្រណីត Rolex Daytona ដ៏កម្រមួយ ដែលមានតម្លៃប៉ាន់ស្មានជិត ១ លានផោន ខណៈលោកស្លៀកពាក់យ៉ាងស្រស់សង្ហាចូលរួមពិធីប្រគល់ពាន Ballon d’Or នៅទីក្រុងឡុងដ៍។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរបស់ Bayern Munich គឺជាតារាបាល់ទាត់ដ៏លេចធ្លោម្នាក់ក្នុងចំណោមភ្ញៀវល្បីៗដែលបានចូលរួមព្រឹត្តិការណ៍នៅរាត្រីថ្ងៃចន្ទ នៅមហោស្រព London Palladium។ ក្នុងពិធីនោះ Kane បានទទួលពានបុគ្គលដ៏មានកិត្យានុភាពបំផុតក្នុងពិភពបាល់ទាត់។
នាឡិកាដែលលោកពាក់ត្រូវបានគេជឿថា ជាម៉ូដែល Rolex Cosmograph Daytona “Blue Sapphire” ដ៏កម្របំផុត ដែលមិនមានដាក់លក់ក្នុងកាតាឡុកធម្មតារបស់ក្រុមហ៊ុន និងមានតម្លៃប៉ាន់ស្មានប្រហែល ១ លានផោន។
នាឡិកាទំហំ៤០មីល្លីម៉ែត្រនេះ ផលិតពីមាសសសុទ្ធ ១៨ការ៉ាត់ និងមានមុខនាឡិកាពណ៌ប្រាក់ភ្លឺចែងចាំងធ្វើពីថ្ម Obsidian ធម្មជាតិ។ ជាពិសេស គែមនាឡិកាត្រូវបានតុបតែងដោយត្បូងកណ្តៀងពណ៌ខៀវចំនួន៣៦គ្រាប់ ដែលកាត់ជារាងចតុកោណកែង។
Rolex Daytona គឺជាម៉ូដែលនាឡិកាប្រណីតដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Rolex ដែលដើមឡើយត្រូវបានរចនាឡើងសម្រាប់អ្នកប្រណាំងរថយន្តអាជីព និងបំពាក់ប្រព័ន្ធកំណត់ពេលវេលា Chronograph ដ៏ទំនើប។
គួរបញ្ជាក់ថា វីរបុរសវាយកូនបាល់ Roger Federer ក៏ធ្លាប់ត្រូវបានគេថតរូបឃើញពាក់នាឡិកាម៉ូដែលដូចគ្នានេះដែរ មុនព្រឹត្តិការណ៍ Laver Cup ឆ្នាំ២០២៥៕










