ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អមដោយថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតទទួលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយប្រតិភូអង្គការយុវតារាកម្ពុជា (Youth Star Cambodia)។
ក្នុងជំនួបនេះ តំណាងប្រតិភូអង្គការយុវតារាកម្ពុជាបានជម្រាបជូនចែករំលែកពីសមិទ្ធផលសំខាន់ៗនានាដែលអង្គការសម្រេចបាន និងការថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលបានផ្ដល់ការគាំទ្រដល់បេសកកម្មរបស់អង្គការយុវតារាកម្ពុជា តាមរយៈកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាពេលកន្លងមក ព្រមទាំងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបន្តពង្រឹងការចូលរួមរបស់យុវជន និងពង្រីកផលជះវិជ្ជមានដល់សហគមន៍ជនបទ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការយុវតារាកម្ពុជា និងយុវជនស្ម័គ្រចិត្តយុវតារា ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជន ការគាំទ្រកុមារដែលជួបការលំបាក និងការរួមចំណែកអភិវឌ្ឍសហគមន៍ជនបទ និងសង្គមជាតិកម្ពុជា៕
ដោយ៖តារា










