ខេត្តបន្ទាយមានជ័យ ៖ ផ្ទះចំនួន ១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជនចំនួន ១៣គ្រួសារ នៅមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) តាមរយៈក្រុមការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តបន្ទាយមានជ័យ។
ពិធីប្រគល់ផ្ទះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ព្រមទាំងការអញ្ជើញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ខេង ស៊ុម អ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ រួមជាមួយ ក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តំណាងអតីតយុទ្ធជន ដែលទទួលបានផ្ទះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាពិសេស សម្ដេចធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលតែងតែគិតគូរទុកដាក់អំពីជីវភាពរស់នៅរបស់ពួកគាត់ ពិសេសបានផ្តល់នូវដី ផ្ទះសំបែងជូនដល់ពួកគាត់រស់នៅ រួមទាំងដីកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀត។
ជាមួយគ្នានោះ អតីតយុទ្ធជន ពួកគាត់ពិតជាមានភាពកក់ក្តៅយ៉ាងចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរយកចិត្តទក្ខចំពោះពួកគាត់ ជ្រុំជ្រែងជីវភាពពួកគាត់តាមរយៈការឧបត្ថម្ភតាមរយៈគោលនយោបាយផ្សេងៗទាំងប្រាក់ឧបត្ថម្ភ ក៏ដូចជាការព្យាបាលផ្សេងៗ។
សូមជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ និងបម្រើជាតិក្នុងវិស័យការពារជាតិ-សន្តិសុខ) ព្រមទាំងនិវត្តជនមន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍) តាមរយៈគោលនយោបាយ ការឧបត្ថម្ភ គាំទ្រផ្សេងៗជូនដល់ពួកគាត់ជាការតប់ស្នងសងគុណនូវគុណូបការៈដ៏ធំធេងនេះ៕
ប្រភព ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
















