អារ៉ាប៊ីសាអូឌីត គ្រោងស្តុកប្រេងនៅក្នុងរូងក្រោមដីរបស់សិង្ហបុរី ចាប់ពីឆ្នាំ២០២៧

ចែករំលែក៖

អារ៉ាប៊ីសាអូឌីតគ្រោងស្តុកប្រេងឆៅនៅក្នុងប្រទេសសិង្ហបុរី ចាប់ពីឆមាសទីពីរនៃឆ្នាំ២០២៧ ដើម្បីពង្រឹងសន្តិសុខផ្គត់ផ្គង់ថាមពលក្នុងតំបន់។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីថាមពលនៃប្រទេសទាំងពីរ កាលពីថ្ងៃចន្ទ។

 

ផែនការនេះកើតឡើងក្រោយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនថាមពលទៅកាន់អាស៊ី តាមច្រកសមុទ្រ Hormuz។ ស្ថានការណ៍នេះបានជំរុញឱ្យប្រទេសនានាបញ្ចេញប្រេងពីស្តុកបម្រុង និងបង្កើនការព្រួយបារម្ភអំពីកម្រិតស្តុកប្រេងទូទាំងពិភពលោក។ មុនសង្គ្រាម អាស៊ីបាននាំចូលប្រេងប្រហែលពីរភាគបីនៃការផ្គត់ផ្គង់សរុបរបស់ខ្លួនពីមជ្ឈិមបូព៌ា។

 

លោក Tan See Leng រដ្ឋមន្ត្រីក្រសួងថាមពល ពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានប្រកាសនៅក្នុងសន្និសីទ Singapore International Energy Week ថា៖ «អារ៉ាប៊ីសាអូឌីត និងសិង្ហបុរី កំពុងប្រកាសពីគោលបំណងរួមក្នុងការរៀបចំប្រព័ន្ធស្តុកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត នៅរូងក្រោមដី Jurong Rock Caverns ចាប់ពីឆមាសទីពីរនៃឆ្នាំ២០២៧»។

 

លោកបានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងជួយពង្រឹងសន្តិសុខ និងសមត្ថភាពទប់ទល់របស់សិង្ហបុរី នៅពេលមានការរំខានដល់ការផ្គត់ផ្គង់»។

 

លោក Tan បានឱ្យដឹងថា ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) និងក្រុមហ៊ុន JTC Corp នៅថ្ងៃចន្ទ ហើយមានគោលដៅបញ្ចប់ការចរចាក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

 

រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman Al-Saud បានថ្លែងតាមរយៈវីដេអូក្នុងសន្និសីទថា៖ «ការនាំប្រភពផ្គត់ផ្គង់ឱ្យកាន់តែជិតទីផ្សារសំខាន់ៗនៅអាស៊ី នឹងបង្កើនភាពបត់បែននៃបណ្តាញផ្គត់ផ្គង់របស់យើង និងជួយគាំទ្រសន្តិសុខផ្គត់ផ្គង់ ព្រមទាំងការត្រៀមខ្លួនរបស់សិង្ហបុរី»។

 

រូងថ្មក្រោមដី Jurong Rock Caverns ស្ថិតនៅជម្រៅប្រហែល ១៥០ ម៉ែត្រក្រោមផ្ទៃដី នៅលើកោះ Jurong។ ទីតាំងនេះអាចផ្ទុកអ៊ីដ្រូកាបូនរាវ ដូចជាប្រេងឆៅ និងប្រេង Condensate បានរហូតដល់ ១,៤៧ លានម៉ែត្រគូប ឬប្រហែល ៩ លានបារ៉ែល។

 

បច្ចុប្បន្ន Saudi Aramco ក៏មានកន្លែងស្តុកប្រេងឆៅនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ នៅពេលមានការខ្វះខាតប្រេងដែលមិនបានរំពឹងទុក រដ្ឋាភិបាលប្រទេសទាំងនេះមានសិទ្ធិអាទិភាពក្នុងការទិញប្រេងដែលស្តុកទុកនៅទីតាំងទាំងនោះ។

 

យោងតាមគេហទំព័រ Aramco Japan សមត្ថភាពស្តុកប្រេងឆៅនៅ Okinawa ត្រូវបានពង្រីកដល់ ៨,២ លានបារ៉ែលក្នុងខែកញ្ញា ឆ្នាំ២០១៧ តាមរយៈកិច្ចព្រមព្រៀងជាមួយសាជីវកម្មជាតិជប៉ុនសម្រាប់ប្រេង ឧស្ម័ន និងលោហធាតុ (JOGMEC)។

 

នៅឆ្នាំ២០២៣ Saudi Aramco ក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Korea National Oil Corp ដើម្បីស្តុកប្រេងចំនួន ៥,៣ លានបារ៉ែលនៅក្នុងទីតាំងស្តុកបម្រុងរបស់កូរ៉េខាងត្បូង ក្នុងកំពង់ផែ Ulsan រយៈពេល៥ឆ្នាំ។

 

ដោយឡែក ជប៉ុនកំពុងចរចាជាមួយប្រទេសនានានៅអាស៊ី ដើម្បីបង្កើនស្តុកប្រេងឆៅក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើម Partnership in Wide Energy and Resources Resilience Asia (POWERR Asia) ដែលនាយករដ្ឋមន្ត្រី Sanae Takaichi បានស្នើឡើងកាលពីដើមឆ្នាំនេះ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ១០ ពាន់លានដុល្លារអាមេរិក។

...

 

ទោះបីចិន ជប៉ុន និងកូរ៉េខាងត្បូង មានស្តុកប្រេងបម្រុងក្នុងបរិមាណច្រើនក៏ដោយ ក៏ប្រទេសអាស៊ីភាគច្រើនផ្សេងទៀតមានស្តុកបម្រុងតិចជាង ដែលធ្វើឱ្យពួកគេមានសមត្ថភាពទប់ទល់តិចតួចនៅពេលមានការរំខានដល់ការផ្គត់ផ្គង់ថាមពល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print