ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
វេលាម៉ោង១៣:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៣០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំរួមដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅចំណុចបឹងហ្គាឡូមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការត្រួតពិនិត្យ និងឆែកឆេរ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៥នាក់ (ស្រី ០១នាក់) ក្នុងនោះ ៖
– ជនជាតិខ្មែរ ចំនួន ០១នាក់ (ស្រី) ម្ចាស់ទីតាំង
– ជនជាតិវៀតណាម ចំនួន ១៤នាក់ (ប្រុស)
ក្នុងបទល្មើសពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ដកហូតវត្ថុតាងរួមមាន៖
១- កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង
២- កុំព្យូទ័រលើតុ ចំនួន ១៧គ្រឿង
៣- ទូរសព្ទដៃ (អនឡាញ) ចំនួន ៥០គ្រឿង
៤- ទូរសព្ទដៃ (ផ្ទាល់ខ្លួន) ចំនួន ១៩គ្រឿង
៥- នាឡិកាដៃ ចំនួន ០៤គ្រឿង
៦- លិខិតឆ្លងដែនជនជាតិវៀតណាម ចំនួន ០៥ច្បាប់
៧- កាតធនាគារ ចំនួន ០៣សន្លឹក
៨- ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់ ចំនួន ០១សន្លឹក
៩- អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ចំនួន ០២សន្លឹក
១០- ប័ណ្ណបើកបរជនជាតិវៀតណាម ចំនួន ០១សន្លឹក
១១- កាបូបស្ពាយ ចំនួន ០៤
១២- ដុំWI-FI ចំនួន ០១
១៣- សម្ភារៈអេឡិចត្រូនិច (ក្ដាចុច និង ដៃបញ្ជា) មួយចំនួន
១៤- សៀវភៅស្នាក់នៅបណ្ដោះអាសន្ន ចំនួន ០១ច្បាប់
១៥- រថយន្ដ ចំនួន ០២គ្រឿង
-ម៉ាក MAXUS ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BQ-8314
-ម៉ាក អាល់ផាត ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BZ-9869
១៦- ប្រាក់ដុល្លារ ចំនួន ៥០,០០០$
១៧- ក្រវិលពណ៌ស ចំនួន ០១គូរ
១៨- ខ្សៃក ពណ៌ទង់ដែង ចំនួន ០១ខ្សៃ។
សមត្ថកិច្ចបន្តថា ៖ រហូតដល់វេលាម៉ោង២១:៥០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានបន្តចុះទៅចំណុចអាផាតមិន គោមក្រហម ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបាននាំខ្លួនជនសង្ស័យ ចំនួន ១៤នាក់ (ស្រី ០៣នាក់) ក្នុងនោះ៖
– ជនជាតិចិន ចំនួន ០១នាក់ (ប្រុស) ត្រូវជាមេក្លោង និងជាប្ដីរបស់ជនសង្ស័យ ជនជាតិខ្មែរ ខាងលើ
– ជនជាតិវៀតណាម ចំនួន ១១នាក់ (ស្រី ០២នាក់)
– ជនជាតិខ្មែរ ចំនួន ០២នាក់ (ស្រី ០១នាក់)។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ចែងអនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុ















