ភ្នំពេញ ៖ ស្របពេលដែលកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បាននិងកំពុងរៀបចំឡើង នៅទីក្រុងប៉េកាំង, អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិត កៅ មុយថង ដែលតាមដានយ៉ាងជាប់លាប់ បានបង្ហាញពីការយល់ឃើញថា កិច្ចប្រជុំនេះគឺជាឱកាសដ៏សំខាន់សម្រាប់ស្វែងយល់ពីអភិបាលកិច្ចរបស់ចិន ហើយ កម្ពុជាអាចរៀនសូត្របាន៣ចំណុចធំៗ ជាពិសេស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ថ្លែងប្រាប់នៅថ្ងៃទី២៨ ខែតុលា, លោកបណ្ឌិត កៅ មុយថង បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ គឺជាបង្អួចដ៏សំខាន់សម្រាប់ស្វែងយល់ពី ទិសដៅដឹកនាំ និងការកែលម្អអភិបាលកិច្ចរបស់ចិន ជាពិសេសការគ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ និងគ្រប់ ជ្រុងជ្រោយ។
លោកបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់លើវិន័យបក្ស ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការទទួលខុសត្រូវរបស់មន្ត្រី មានគោលដៅសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការ ដឹកនាំ និងធានាថា គោលនយោបាយត្រូវបានអនុវត្តទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង។
ចំពោះកម្ពុជា លោកបណ្ឌិតយល់ថា បទពិសោធន៍របស់ចិនអាចផ្តល់ជាមេរៀនសម្រាប់ការបន្ត កែទម្រង់រដ្ឋបាលសាធារណៈ និងកែលម្អគុណភាពសេវារដ្ឋ។ លោកបានលើកឡើងនូវចំណុចសំខាន់ៗបី ដែលកម្ពុជាអាចសិក្សា និងពិចារណាអនុវត្តឱ្យសមស្របនឹងបរិបទរបស់ខ្លួន។
ចំណុចទីមួយ គឺការលើកកម្ពស់វិន័យ និងការទទួលខុសត្រូវរបស់មន្ត្រី។ លោកបណ្ឌិត បាន បញ្ជាក់ថា ការកំណត់ភារកិច្ច កាលកំណត់ និងសូចនាករវាយតម្លៃការងារឱ្យបានច្បាស់លាស់ អាចជួយ ឱ្យមន្ត្រីផ្តោតលើសមិទ្ធផល កាត់បន្ថយការពន្យារពេល និងធ្វើឱ្យការផ្តល់សេវាសាធារណៈកាន់តែទាន់ ពេលវេលា។ ការវាយតម្លៃមន្ត្រីគួរផ្អែកលើសមត្ថភាព សុចរិតភាព និងលទ្ធផលការងារជាក់ស្តែង ដើម្បី ធានាថា ការបំពេញភារកិច្ចរបស់ស្ថាប័នរដ្ឋឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ចំណុចទី២ គឺការវាស់វែងគោលនយោបាយតាមផលប្រយោជន៍ជាក់ស្តែងដែលប្រជាជនទទួល បាន។ លោកបណ្ឌិតបានពន្យល់ថា ការវាយតម្លៃលើការអភិវឌ្ឍមូលដ្ឋានមិនគួរផ្តោតត្រឹមចំនួនផ្លូវ សាលារៀន ឬមណ្ឌលសុខភាពដែលបានសាងសង់នោះទេ ប៉ុន្តែត្រូវពិនិត្យថា តើសមិទ្ធផលទាំងនោះ បានជួយសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន ធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាអប់រំ និងសុខាភិ បាលកាន់តែងាយស្រួល កាត់បន្ថយបន្ទុកចំណាយ និងបង្កើនឱកាសរកប្រាក់ចំណូលដែរឬទេ។ នេះជា វិធីមួយក្នុងការធានាថា ការអភិវឌ្ឍមិនត្រឹមតែបង្កើតសំណង់ ឬហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរបស់ប្រជាជនផងដែរ។
សម្រាប់ចំណុចទី៣ ដែលលោកបណ្ឌិតចាប់អារម្មណ៍ខ្លាំងជាងគេ គឺការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការប្រើប្រាស់ថវិកាសាធារណៈដោយតម្លាភាព។ លោកបណ្ឌិតបានលើកជាឧទាហរណ៍ថា ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការបង្ហាញព័ត៌មាន អំពីថវិកា ការលទ្ធកម្ម និងវឌ្ឍនភាពនៃគម្រោង អាចជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ធនធាន មិនត្រឹមត្រូវ និងធានាថា ថវិការដ្ឋត្រូវបានប្រើប្រាស់ចំគោលដៅ។ លោកបានសង្កត់ធ្ងន់ថា លទ្ធផលដែល ប្រជាពលរដ្ឋគួរទទួលបាន គឺហេដ្ឋារចនាសម្ព័ន្ធមានគុណភាព សេវាសាធារណៈកាន់តែប្រសើរ និងការ ប្រើប្រាស់ថវិកាដែលផ្តល់តម្លៃសមស្របដល់សង្គម។
លោករៀបរាប់ទៀតថា បទពិសោធន៍ចិនក្នុងការពង្រឹងអភិបាលកិច្ច ការប្រឆាំងអំពើ ពុករលួយ និងគណនេយ្យភាព ផ្តល់ជាមូលដ្ឋានគំនិតសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ និងសម្រេចបានលទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។
អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិនរូបនេះ បានលើកឡើងបន្ថែមថា ការរៀបចំ គោលនយោបាយអភិវឌ្ឍន៍មានសារៈសំខាន់សម្រាប់ការដឹកនាំប្រទេស ប៉ុន្តែការធានាឱ្យគោលនយោ បាយ ទាំងនោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។ លោក បញ្ជាក់ថា ទោះបីប្រទេសមួយមានផែនការអភិវឌ្ឍន៍ទូលំទូលាយ និងមានធនធានគ្រប់គ្រាន់ក៏ដោយ ប្រសិនបើប្រព័ន្ធគ្រប់គ្រងខ្វះវិន័យ មន្ត្រីខ្វះការទទួលខុសត្រូវ ឬអំណាចត្រូវបានប្រើប្រាស់ដើម្បីបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួន នោះគោលនយោបាយល្អៗក៏ពិបាកសម្រេចបានលទ្ធផលដូចការរំពឹងទុកដែរ។
ជាសេចក្តីសន្និដ្ឋាន លោកបណ្ឌិតបានគូសបញ្ជាក់ថា «ប្រសិទ្ធភាពនៃអភិបាលកិច្ចមិនគួរត្រូវបាន វាស់ត្រឹមចំនួនគោលនយោបាយដែលបានដាក់ចេញនោះទេ ប៉ុន្តែត្រូវវាស់តាមលទ្ធផលជាក់ស្តែងដែល ប្រជាពលរដ្ឋទទួលបាន។ សម្រាប់កម្ពុជា ការភ្ជាប់វិន័យ សុចរិតភាព សមត្ថភាពស្ថាប័ន និងការទទួល ខុសត្រូវទៅនឹងការអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការកែលម្អ សេវាសាធារណៈ កាត់បន្ថយការលំបាកក្នុងជីវភាព និងបង្កើនឱកាសអភិវឌ្ឍសម្រាប់ប្រជាជន»។
ជាមួយគ្នានេះ, លោកបណ្ឌិត កៅ មុយថង ក៏បានលើកឡើងថា កម្ពុជាគួរបន្តយកចិត្តទុកដាក់លើការបណ្តុះ បណ្តាលមន្ត្រី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកែលម្អនីតិវិធីរដ្ឋបាល ដើម្បីកាត់បន្ថយភាព ស្មុគស្មាញ និងធ្វើឱ្យសេវារដ្ឋកាន់តែឆាប់រហ័ស ងាយស្រួល និងមានតម្លាភាព។ ទន្ទឹមនឹងនេះ ការសិក្សា បទពិសោធន៍ចិនមិនមែនមានន័យថា កម្ពុជាត្រូវចម្លងគំរូរបស់ចិនទាំងស្រុងនោះទេ ប៉ុន្តែត្រូវជ្រើសរើស យកគោលការណ៍ និងវិធីសាស្ត្រដែលសមស្របនឹងលក្ខខណ្ឌជាក់ស្តែងរបស់កម្ពុជា និងអនុវត្តស្រប តាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថា ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ កំពុងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ។
កិច្ចប្រជុំពេញអង្គលើកនេះផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវពីបញ្ហាសំខាន់ៗមួយចំនួនស្តីពីការជំរុញឱ្យបានខ្ជាប់ខ្ជូននូវការគ្រប់គ្រងបក្សកុម្មុយនីស្តចិនយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ៕
ប្រភព ៖ (CCFR)










