ភ្នំពេញ ៖ លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្វាគមន៍ចំពោះសេវាហោះហើរតាមរដូវថ្មីពីសាធារណរដ្ឋកូរ៉េ និងការបន្ថែមជើងហោះហើរពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ (SAI) ។ ខណៈកម្ពុជាពង្រីកការតភ្ជាប់ផ្លូវអាកាសជាមួយសាធារណរដ្ឋកូរ៉េ និងសាធារណរដ្ឋប្រជាមានិតចិន តាមរយៈព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ។
ចំពោះ សេវាទាំងនេះរួមចំណែកគាំទ្រដល់កំណើនវិស័យ ទេសចរណ៍ និងការតភ្ជាប់អន្តរជាតិរបស់កម្ពុជា។
លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសង្កត់ធ្ងន់ថា ការតភ្ជាប់ជើងហោះហើរនេះនឹងពង្រីកការតភ្ជាប់កម្ពុជាជាមួយទីផ្សារទេសចរណ៍សំខាន់ៗចំនួនពីរ នៅតំបន់អាស៊ីឦសាន, បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ និងឱកាសសេដ្ឋកិច្ចសម្រាប់ខេត្តសៀមរាប, ពង្រឹងបន្ថែមនូវជំហររបស់ខេត្តសៀម រាប ជាគោលដៅទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ ឈានមុខគេ ព្រមទាំងជំរុញការអនុវត្តយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការធ្វើពិពិធកម្ម និងពង្រីកការតភ្ជាប់ផ្លូវអាកាសអន្តរជាតិ។
មន្រ្តីជាន់ខ្ពស់ អាកាសចរស៊ីវិល រូបនេះ នៅតែប្តេជ្ញាបន្តសម្រួលដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍លើកកម្ពស់ការចូលទីផ្សារ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ដើម្បីជំរុញការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways (TW)៖ សេអ៊ូល-អ៊ីនឈន់ (ICN)–សៀមរាប (SAI)
សេវាហោះហើរតាមរដូវថ្មី។ ក្រុមហ៊ុនអាកាសចរណ៍ Trinity Airways នឹងធ្វើការហោះហើរតាមរដូវជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៧ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ការហោះហើរនេះស្របពេលនឹងរដូវកាលទេសចរណ៍កំពូលរបស់កម្ពុជា។
ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines (MU)៖ គុនមីង (KMG)–សៀមរាប (SAI)។ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្កើនជើង ហោះហើរ គុនមីង-សៀមរាបពី ៣ ជើង ទៅ ៤ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 737-800។ ជើងហោះហើរបន្ថែមនេះ នឹងជួយលើកកម្ពស់លទ្ធភាពនៃការធ្វើដំណើរពីភាគនិរតីនៃប្រទេសចិន។
យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៤,៥ លាននាក់ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៦ ធ្លាក់ចុះ ១១% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៥៕
ដោយ ៖តារា










