រដ្ឋបាលក្រុងព្រះសីហនុកម្ទេចទូហ្គេមខុសច្បាប់ចំនួន១៨៣គ្រឿង ដើម្បីចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក ឃន ម៉ន អភិបាលរង តំណាងលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានរៀបចំកម្ទេចទូហ្គេមខុសច្បាប់តូចធំចំនួន១៨៣គ្រឿងដែលត្រូវបានដកហូតក្នុងអំឡុងពេលចុះធ្វើរដ្ឋបាលចំហនៅតាមទីតាំងអគារស្នាក់នៅ និងលំនៅឋានក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ នាពេលកន្លងមកនេះ។

 

សកម្មភាពកម្ទេចទូហ្គេមខុសច្បាប់នេះ គឺជាយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅក្នុងក្រុងព្រះសីហនុ ដែលបង្ហាញពីការបន្តយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន។

 

ការចាត់វិធានការខាងលើ មានគោលបំណងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរួមចំណែកបង្ការផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានពីល្បែងស៊ីសងខុសច្បាប់មកលើគ្រួសារនិងសង្គមជាតិ។

 

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយមិនគាំទ្រ មិនប្រព្រឹត្ត និងរាយការណ៍អំពីទីតាំងដែលមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ក្នុងសហគមន៍ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print