ក្លិប Espanyol បានសម្រេចបណ្តេញគ្រូបង្វឹក Manolo Gonzalez បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើងក្រុម Sestao River Club ដែលប្រកួតនៅលីគទី៤ ក្នុងពានរង្វាន់ Copa del Rey។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្លិប LaLiga នៅថ្ងៃអង្គារ។
Gonzalez ដែលធ្លាប់ទទួលស្គាល់មុនការប្រកួតថា អនាគតរបស់លោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បានបង់តម្លៃចំពោះការចាញ់របស់ Espanyol ក្នុងលទ្ធផល ៣-៤ ក្រោយម៉ោងបន្ថែម។
ក្លិប Espanyol បានចេញសេចក្តីថ្លែងការណ៍ថា៖ «ក្នុងនាមប្រធានក្លិប Alan Pace និងក្រុមប្រឹក្សាភិបាល Espanyol យើងសូមថ្លែងអំណរគុណដល់ Manolo Gonzalez ចំពោះការងារ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់លោក ចាប់តាំងពីលោកចូលកាន់តំណែងជាគ្រូបង្វឹកក្រុមឈុតធំ»។
ក្លិបក៏បានកោតសរសើរចំពោះវិជ្ជាជីវៈ និងការលះបង់របស់លោក ព្រមទាំងរបៀបដែលលោកបានដោះស្រាយបញ្ហាប្រឈមផ្នែកកីឡានានា។
Gonzalez ត្រូវបានតែងតាំងនៅខែមីនា ឆ្នាំ២០២៤ ហើយបានដឹកនាំ Espanyol ឡើងមកកាន់ LaLiga វិញក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ មុនពេលជួយក្លិបកាតាឡាន់មួយនេះរក្សាកៅអីនៅលីគកំពូលអេស្ប៉ាញក្នុងរដូវកាលពីរបន្ទាប់។
ក្រោយចាញ់ Sestao លោក Gonzalez បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង បាក់បែកផ្លូវចិត្តទាំងស្រុង និងទទួលខុសត្រូវទាំងស្រុងចំពោះអ្វីៗដែលបានកើតឡើង»។
លោកបន្ថែមថា៖ «នេះគឺជាថ្ងៃដ៏អាក្រក់បំផុតមួយក្នុងជីវិតរបស់ខ្ញុំ ដោយគ្មានការសង្ស័យ»។
Espanyol បានជួបការលំបាកក្នុងការរក្សាទម្រង់លេងក្នុងឆ្នាំ២០២៦ ដោយចាញ់ ៥ ប្រកួត ក្នុងចំណោម ៦ ប្រកួតចុងក្រោយរបស់ Gonzalez។
បច្ចុប្បន្ន Espanyol ឈរនៅលេខរៀងទី១៨ ក្នុងតារាង LaLiga ដោយមាន ៨ ពិន្ទុ ហើយត្រូវបើកទ្វារផ្ទះទទួល Villarreal នៅថ្ងៃសុក្រ៕










