ខេត្តត្បូងឃ្មុំ៖ អាជ្ញាធរ និងមន្ត្រីជំនាញបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង ស្ថិតនៅតំបន់សំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបិទមិនឱ្យបន្តសកម្មភាពអាជីវកម្មទៀត កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
តាមការឱ្យដឹងពីសមត្ថកិច្ច ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានដកហូតម៉ាស៊ីនភ្លើងចំនួន១គ្រឿង ម៉ាស៊ីនខ្យល់ចំនួន១គ្រឿង និងរ៉ៃចំនួន២ យកទៅរក្សាទុក ដើម្បីបន្តអនុវត្តតាមនីតិវិធី។ ចំណែកម្ចាស់អាជីវកម្មបានគេចខ្លួនបាត់។
ការចុះបង្ក្រាបនេះ មានគោលបំណងទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មរ៉ែមាសដោយគ្មានការអនុញ្ញាត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន បណ្តាលឱ្យបាត់បង់ចំណូលរដ្ឋ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋក្នុងតំបន់។
អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា នឹងបន្តអនុវត្តវិធានការតាមនីតិវិធីចំពោះបុគ្គល ឬក្រុមណាដែលនៅតែបន្តធ្វើអាជីវកម្មរ៉ែដោយគ្មានច្បាប់អនុញ្ញាត ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងធនធានរ៉ែប្រកបដោយចីរភាព៕ជ្រោយពេជ្រ










