ប្រទេសថៃបានកត់ត្រាការបិទអាជីវកម្មសណ្ឋាគារ និងកន្លែងស្នាក់នៅចំនួន ១៤៨ កន្លែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនៃតម្រូវការទេសចរណ៍ ការប្រកួតប្រជែងកាន់តែខ្លាំង និងការកើនឡើងនៃចំណាយ កំពុងដាក់សម្ពាធលើវិស័យនេះ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (KResearch) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានឱ្យដឹងថា អត្រាកាន់កាប់បន្ទប់សណ្ឋាគារទូទាំងប្រទេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងត្រឹមតែ ០,១៨% ប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។
ការចុះបញ្ជីអាជីវកម្មថ្មីក៏មានការថយចុះដែរ ដោយមានសណ្ឋាគារ និងអាជីវកម្មកន្លែងស្នាក់នៅថ្មីចំនួន ៧៧៩ កន្លែង ចាប់ពីខែមករាដល់ខែកញ្ញា ធ្លាក់ចុះ ៣១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណា ចំនួននេះនៅតែខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ទីផ្សារសណ្ឋាគារ និងកន្លែងស្នាក់នៅរបស់ថៃ ត្រូវបានព្យាករថានឹងមានតម្លៃសរុបប្រមាណ ១,១ ទ្រីលានបាត (ប្រហែល ៣៤ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៦ កើនឡើង ២,៦% បើធៀបនឹងឆ្នាំ២០២៥។
យោងតាមសារព័ត៌មាន The Nation Thailand អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា អាជីវកម្មកំពុងប្រឈមសម្ពាធកាន់តែខ្លាំង ដោយសារតម្រូវការទេសចរណ៍ទន់ខ្សោយ ការប្រកួតប្រជែងកើនឡើង និងចំណាយប្រតិបត្តិការខ្ពស់។
KResearch ព្យាករថា ថៃនឹងទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣១,៤ លាននាក់ក្នុងឆ្នាំ២០២៦ ធ្លាក់ចុះ ៤% បើធៀបនឹងឆ្នាំ២០២៥ និងស្មើប្រមាណ ៧៩% នៃចំនួនភ្ញៀវទេសចរមុនជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៩។
ក្រុមហ៊ុនស្រាវជ្រាវបានចង្អុលបង្ហាញថា ការស្តារវិស័យទេសចរណ៍យឺតយ៉ាវបណ្តាលមកពីការប្រកួតប្រជែងកាន់តែខ្លាំងពីគោលដៅទេសចរណ៍ផ្សេងៗ ស្ថានភាពសេដ្ឋកិច្ចខ្សោយនៅក្នុងប្រទេសដែលជាប្រភពភ្ញៀវទេសចរ ក្តីបារម្ភអំពីសុវត្ថិភាព និងភាពតានតឹងភូមិសាស្ត្រនយោបាយ។
ថ្មីៗនេះ ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីណែនាំបន្ទាន់អំពីសុវត្ថិភាពសម្រាប់ពលរដ្ឋចិនដែលធ្វើដំណើរទៅ ឬកំពុងស្នាក់នៅក្នុងប្រទេសថៃ បន្ទាប់ពីមានករណីកើនឡើងនៃការបង្ខំឱ្យធ្វើការ ការជួញដូរមនុស្ស និងការផ្តល់ការងារក្លែងក្លាយ។
ប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបើកផ្លូវហោះហើរត្រង់ទៅកាន់តំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងបន្ធូរបន្ថយលក្ខខណ្ឌទិដ្ឋាការ។
ថៃ ដែលជាប្រទេសទទួលភ្ញៀវទេសចរច្រើនជាងគេលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីម៉ាឡេស៊ី បានទទួលភ្ញៀវទេសចរបរទេសចំនួន ២៣,៤ លាននាក់ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ៣,៨៨% បើធៀបនឹងឆ្នាំមុន។
ប្រទេសនេះមានគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន ៣៣ លាននាក់នៅដំណាច់ឆ្នាំ២០២៦៕










