អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយបង្វែរពីការផ្ទុះអាវុធមកជាការដោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកជូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាព ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយបង្វែរពីការផ្ទុះអាវុធមកជាការដោះស្រាយតាមការទូត និងច្បាប់អន្តរជាតិវិញ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែតម្កល់សន្តិភាព និងស្ថិរភាពសង្គមជាអាទិភាពដែលត្រូវរក្សាការពារដើម្បីរក្សាភាពសុខសាន្ត ក៏ដូចជាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

 

ជាក់ស្តែង កម្ពុជាទើបតែបានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា។ សម្រាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នោះក៏ជាខួប២០ឆ្នាំនៃជោគជ័យក្នុងការផ្លាស់ប្តូរមុខមាត់កម្ពុជា៖ ពីកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់ល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខនិងជាចម្ការមីន ទៅជាកម្ពុជាក្នុងយុគសន្តិភាព ហើយបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកលក៏ដូចជាការពារសន្តិភាពពិភពលោក។

 

កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរ ទាំងសកម្មភាពក្នុងស្រុក និងសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពខ្ពស់បំផុតដែលឃើញទង់ជាតិកម្ពុជាបន្តបក់រវិចជាមួយទង់ជាតិនៃប្រទេសទាំងឡាយដែលបរិច្ចាគកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិដូចគ្នា។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តថា ជោគជ័យទាំងនេះ ជាសមិទ្ធផលនៃការអនុវត្ត«នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា ហើយនាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេសនិងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងរយៈពេលជាង៥០០ឆ្នាំចុងក្រោយ។

 

 

ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការចូលរួមរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres តាមរយៈតំណាងប្រចាំកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា «សន្តិភាពមិនអាចនាំចូលពីបរទេសបានទេ។ សន្តិភាពត្រូវតែកសាងឡើងនៅក្នុងមូលដ្ឋានដោយផ្ទាល់។ ប្រវត្តិសាស្ត្ររបស់កម្ពុជាគឺជាសក្ខីភាពនៃការពិតនេះ»។ អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានទទួលស្គាល់ទៀតថា កម្ពុជាគឺជាប្រទេសដែលបានស្គាល់ច្បាស់ជាងគេនូវអត្ថន័យនៃពាក្យថា«សន្តិភាព»។ កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅពិភពលោកទាំងមូលក៏បានប្រារព្ធ«ទិវាសន្តិភាពអន្តរជាតិ» ក្រោមប្រធានបទ«វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

 

នេះសបញ្ជាក់ថា ពិភពលោកកំពុងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាពហើយសន្តិភាពដែលបានចាក់ឬសកាន់តែរឹងមាំនៅកម្ពុជារយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះក៏ត្រូវបានពិភពលោកទទួលស្គាល់ និងកោតសរសើរ។ ក្នុងសារឧទ្ទិសចំពោះទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖«សន្តិភាពគឺជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពបានផ្ដល់ឱកាសមាសឱ្យប្រទេសយើងអាចស្តារ និងកសាងជាតិឡើងវិញ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក»។ សម្តេចបានរម្លឹកថា តាមរយៈ«នយោបាយឈ្នះ-ឈ្នះ» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅធានាការអនុវត្តប្រកបដោយជោគជ័យត្រចះត្រចង់ ទើបកម្ពុជាអាចបញ្ចប់បានទាំងស្រុងកាលពីចុងឆ្នាំ១៩៩៨ នូវសង្គ្រាមស៊ីវិលដែលបានអូសបន្លាយជិត៣ទសវត្សរ៍។ នយោបាយ«ឈ្នះឈ្នះ» នេះហើយសម្រេចបានសន្តិភាពពេញលេញ និងឯកភាពជាតិជាធ្លុងមួយ និងជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត។

 

លើសពីសន្តិភាពសម្រាប់ខ្លួនឯង កម្ពុជាបាននិងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងថែរក្សាសន្តិភាពសរុបជាង១ម៉ឺននាក់ (ក្នុងនោះមានស្ត្រីជាង ១ពាន់នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រ អ.ស.ប. ក្នុងប្រទេសចំនួន១០គឺ៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ។

...

 

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនឡើងវិញថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តផ្តល់តម្លៃយ៉ាងខ្ពស់ដល់សន្តិភាព និងការការពារអាយុជីវិតប្រជាពលរដ្ឋ។ ជាក់ស្តែង ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងសង្គ្រាមឈ្លានពានទឹកដីពីប្រទេសថៃ សន្តិភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត ទន្ទឹមគ្នានឹងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ការសម្រេចបានបទឈប់បាញ់ហើយងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការការទូតនិងច្បាប់អន្តរជាតិវិញ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់ពីការផ្តល់តម្លៃយ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជា ដល់សន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងមូល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print