ខេត្តកំពង់ស្ពឺ÷ ដោយទទួលបានការបញ្ជា របស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំង០២ផ្សេងៗគ្នា ។
ទី០១: ហាងមាន ឈ្មោះ Happy day Ktv ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយសង្ស័យលួចបង្កប់ករណី: សញ្ចារកម្ម , ទីតាំងទី០២ផ្ដល់ឱ្យជ្រកក្រោមផ្ទះសំណាក់យីហោ : ភ្នំពេជ្ររីករាយ ស្ថិតនៅភូមិភាសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សង្ស័យផ្តល់ទីតាំងឳ្យធ្វើពេស្យាចារ ក្នុងនោះក៏មានអនីតិជនមិនទាន់គ្រប់អាយុបម្រើការងារនៅក្នុងទីតាំងខាងលើផងដែរ ។
ប្រតិបត្តិការនេះធ្វើឡើងដោយបានការដឹកនាំផ្ទាល់ពី លោកស្រី វរសេនីយ៍ឯក មួន មល្លិកា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រខេត្ដ និងបានការសម្របសម្រួលនីតិវិធីពី លោកស្រី ព្រះរាជអាជ្ញារង ធាម ច័ន្ទពិលីការ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង ១៧.៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការសមត្ថកិច្ចបានសង្រ្គោះនារីវ័យក្មេង ចំនួន ១១នាក់ ជាពិសេស ចំណោមនារីទាំងនោះមានក្មេងស្រីជាអនីតិជន ដែលអាចទទួលរងនូវការកេងប្រវ័ញ្ចផ្លូវភេទនៅទីតាំងផ្ទះសំណាក់។
ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកសង្ស័យពាក់ព័ន្ធមួយចំនួន ដើម្បីយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដ តាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










