ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ជ្រាបថា កាលពីថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានការចុះផ្សាយនៅក្នុងបណ្តាញសង្គមអំពីករណីដីធ្លីក្នុងស្រុកសំបូរ ខេត្តក្រចេះ ថា “អភិបាលខេត្តក្រចេះ បានរឹបអូសដីស្រែប្រជាជនប្រមាណជាង ២០គ្រួសារ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ហើយថែមទាំងមិនមានជូនដំណឹងជូនពួកគាត់ជាមុននោះទេគឺយកស្ងាត់ៗតែម្តង” ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះ រដ្ឋបាលខេត្តក្រចេះ សូមបញ្ជាក់ថា ទីតាំងដីខាងលើគឺជាដីដែល ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា) លីមីតធីត ទទួលបានសិទ្ធិអនុញ្ញាតវិនិយោគ តាមលិខិតលេខ៤៦៤១ កសក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើ ការឈូសឆាយសម្អាតដីសម្រាប់ធ្វើការដាំដុះដំណាំអំពៅ ស្ថិតក្នុងភូមិកោះច្បារ ឃុំកោះខ្មែរ ស្រុកសំបូរ។
ចាប់ពីអំឡុងខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានប្រជាពលរដ្ឋមួយចំនួនបានចូល ទៅទន្ទ្រានកាន់កាប់យកទីតាំងដីនេះ និងបានបោះបង្គោល ដាំដំណាំស្រូវ ចេក ដំឡូងមី និងស្វាយចន្ទី ព្រមទាំង បានសង់រោងខ្ទមនៅលើទីតាំងដីដែលក្រុមហ៊ុនបានឈូសឆាយរួចហើយ។
កន្លងមក រដ្ឋបាលស្រុកសំបូរ និងមន្ទីរជំនាញពាក់ព័ន្ធ បានចុះផ្សព្វផ្សាយ ពន្យល់ និងណែនាំ ប្រជាពលរដ្ឋឱ្យបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ និងចាកចេញពីទីតាំងដីដែលបានចូលកាន់កាប់ដោយខុសច្បាប់ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋក្រីក្រពិតជាខ្វះដីសម្រាប់ស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិត អាចដាក់ពាក្យ ស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈរដ្ឋបាលឃុំ និងរដ្ឋបាលស្រុកពាក់ព័ន្ធ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋបានប្រតិកម្ម និងទាមទារឱ្យក្រុមហ៊ុនទុកដីទាំងនោះឱ្យពួកគាត់ ទោះបីដីនោះជាដីដែលក្រុមហ៊ុនបានទទួលសិទ្ធិអនុញ្ញាតពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏ដោយ។
ដូច្នេះ ការចុះផ្សាយព័ត៌មានខាងលើ គឺជាការចុះផ្សាយនូវព័ត៌មានមិនពិត និងមិនមានមូលដ្ឋាន ច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការសាធារណៈ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ស តារា










