ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣:២០នាទី កំលាំងផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចុះស្រាវជ្រាវនិងបើកកិច្ចប្រតិបត្តិការច្បាមមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលា ឈានទៅឃាត់មុខសញ្ញាសង្ស័យឈ្មោះ ហៅ សុខបុន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ដោយបានត្រួតពិនិត្យដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់,ទូរសព្ទដៃ១គ្រឿង,ម៉ូតូ១ គ្រឿងលេខកំពង់ស្ពឺ1L-9969 និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនខ្សៀរចំនួន១ ។
ក្នុងប្រតិបត្តិការលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីសាកសួរជនសង្ស័យបានសហការរាយការណ៍ជូន
កំលាំងសមត្ថកិច្ចថាមុខសញ្ញាធំមានឈ្មោះ ប៊ុត វិបុល ភេទប្រុស នៅចំណុចភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំលាំងបានបន្តនិតិវិធីឃាត់ខ្លួនមុខសញ្ញាឈ្មោះ ប៊ុត វិបុល នៅចំណុចខាងមុខផ្ទះ នៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋ ដោយបានការសម្របសម្រួលពីលោកសុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំងបានធ្ឆែកឆេររកឃើញមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៥កញ្ចប់ (មធ្យម២កញ្ចប់, តូច ២៣កញ្ចប់) ទូរស៍ព្ទដៃ១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួននិងបានបញ្ជូនខ្លួនជនសង្ស័យទាំង២មកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បំពេញនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី៕










