Arsenal បង្ហាញសមត្ថភាពពិតនៅ Anfield ក្រោយរងភាពអាម៉ាស់ទល់នឹង Fleetwood

ចែករំលែក៖

ប្រសិនបើគូប្រជែងប្រជែងដណ្តើមជើងឯក Premier League គិតថា ការធ្លាក់ចេញពីពាន League Cup ក្រោមថ្វីជើងក្រុម Fleetwood Town មកពីលីគលំដាប់ទី៤ តាមរយៈការស៊ុតបាល់ប៉េណាល់ទី នឹងធ្វើឱ្យក្រុម Arsenal បាត់បង់ទំនុកចិត្តនោះ ជ័យជម្នះយ៉ាងតឹងតែងក្នុងលទ្ធផល ១-០ លើ Liverpool នៅថ្ងៃអាទិត្យ គឺជាចម្លើយដ៏ច្បាស់លាស់មួយ។

 

ការធ្លាក់ចេញពីពានក្រោមថ្វីជើងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងខ្លួនដល់ទៅ ៨៤ លំដាប់ មិនមែនជាការត្រៀមខ្លួនដ៏ល្អសម្រាប់ក្រុមរបស់លោក Mikel Arteta មុនធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield នោះទេ ជាពិសេសនៅពេលក្រុមរបស់លោក Andoni Iraola កំពុងបង្ហាញទម្រង់លេងកាន់តែល្អ។

 

ទោះជាយ៉ាងណា ត្រឹមតែបួនថ្ងៃក្រោយមក Arsenal បានបង្ហាញថា ពួកគេបានស្តារទំនុកចិត្ត និងភាពរឹងមាំឡើងវិញយ៉ាងពេញលេញ។ ក្រុមភ្ញៀវអាចទប់ទល់នឹងការវាយសម្រុករបស់ Liverpool និងដណ្តើមបានជ័យជម្នះក្នុងលីគជាលើកដំបូងនៅ Anfield ក្នុងរយៈពេល ១៤ ឆ្នាំ។ លទ្ធផលនេះធ្វើឱ្យ Arsenal នាំមុខ Manchester City ចំនួន ៣ ពិន្ទុ នៅលើកំពូលតារាង។

 

គ្រាប់បាល់របស់ Kai Havertz នៅនាទីទី១៦ បានក្លាយជាគ្រាប់បាល់សម្រេចជោគវាសនាការប្រកួត ខណៈ Liverpool ទោះបីជាមានការវាយសម្រុកយ៉ាងខ្លាំង និងស៊ុតចំនួន ១៦ លើក ក៏មិនអាចបំបែករបាំងការពារដ៏រឹងមាំរបស់ Arsenal បានឡើយ។

 

លោក Mikel Arteta បាននិយាយថា៖

 

«យើងបាននិយាយគ្នាក្រោយព្រឹត្តិការណ៍ប៉ុន្មានថ្ងៃចុងក្រោយនេះ និងក្រោយការបរាជ័យទល់នឹង Fleetwood ថា អ្វីៗកើតឡើងសុទ្ធតែមានហេតុផល ហើយវានឹងផ្តល់កម្លាំងចិត្ត ភាពស្រេកឃ្លាន ទំនុកចិត្ត និងជំនឿបន្ថែមដល់យើង ដើម្បីបន្តឆ្ពោះទៅមុខ។ អ្វីដែលក្រុមបានធ្វើនៅទីនេះនៅថ្ងៃនេះ គឺពិតជាអស្ចារ្យណាស់»។

 

លោកបន្តថា៖ «Liverpool កំពុងស្ថិតក្នុងទម្រង់លេងល្អ។ ខ្ញុំគិតថា ជ័យជម្នះនេះគឺសមនឹងទទួលបានយ៉ាងពេញលេញ។ ការមកទីនេះ ហើយឈ្នះក្នុងរបៀបដែលយើងបានធ្វើ គឺជាស្នាដៃដ៏អស្ចារ្យ ហើយកីឡាករទាំងអស់សមនឹងទទួលបានការកោតសរសើរយ៉ាងខ្លាំង»។

 

គួរបញ្ជាក់ថា លោក Arteta ក៏ធ្លាប់ជាសមាជិកក្រុម Arsenal ដែលបានយកឈ្នះ Liverpool ក្នុងលទ្ធផល ២-១ នៅ Anfield កាលពីឆ្នាំ២០១២ ផងដែរ។

 

សម្រាប់ Liverpool ដែលកំពុងស្វែងរកជ័យជម្នះក្នុងលីគជាលើកទី៣ជាប់ៗគ្នា ដើម្បីកាត់បន្ថយគម្លាតមកនៅត្រឹម ៣ ពិន្ទុពី Arsenal បានព្យាយាមវាយបកយ៉ាងខ្លាំង បន្ទាប់ពីរបូតគ្រាប់បាល់មុន។

 

Florian Wirtz បានស៊ុតបាល់ហ្វ្រីឃីកបុករបារទី ខណៈ Alexis Mac Allister ក៏មានឱកាសតែតបាល់ដ៏ល្អមួយ ប៉ុន្តែបាល់បានហោះផុតរបារទី មុនពេលបញ្ចប់វគ្គទី១។

 

ក្រុមម្ចាស់ផ្ទះក៏បានតវ៉ាថា ពួកគេគួរតែទទួលបានបាល់ពិន័យ ១១ ម៉ែត្រ បន្ទាប់ពី Jurrien Timber បានទាញអាវរបស់ Alexander Isak នៅក្នុងតំបន់គ្រោះថ្នាក់។

 

ប៉ុន្តែបន្ទាប់ពីចាប់ផ្តើមវគ្គទី២ Liverpool កម្រមានឱកាសបំបែករបាំងការពារដ៏រឹងមាំ និងមិនចេះនឿយហត់របស់ Arsenal ណាស់។ ភាពតានតឹងរបស់កីឡាករ Liverpool ក៏បានកើនឡើង រហូតដល់ Mac Allister មានជម្លោះជាមួយ Noni Madueke និងបានដួលទៅលើទីលានយ៉ាងខ្លាំង បន្ទាប់ពីមានការប៉ះក្បាលគ្នាបន្តិចបន្តួច។

...

 

ទោះបីជារងបរាជ័យក៏ដោយ អ្នកចាត់ការក្រុម Liverpool លោក Iraola បាននិយាយថា ក្រុមរបស់លោកនៅតែមានចំណុចវិជ្ជមានជាច្រើនពីការប្រកួតនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print