នៅថ្ងៃទី ១ ខែវិច្ឆិកា យន្តហោះឯកជន Learjet មួយគ្រឿងបានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែងនៅភាគខាងត្បូងរដ្ឋ Florida មិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតី Donald Trump។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មនុស្សទាំងប្រាំបួននាក់នៅលើយន្តហោះបានស្លាប់នៅពេលដែលគ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១២:៥០នាទី រសៀល ម៉ោងក្នុងស្រុក ថ្ងៃទី ១ ខែវិច្ឆិកា។
វីដេអូជាច្រើនដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា យន្តហោះបានធ្លាក់មកដីក្នុងល្បឿនលឿន ស្ទើរតែបញ្ឈរ បង្កើតជាដុំភ្លើងធំមួយ និងបន្សល់ទុកនូវរណ្ដៅឆេះនៅជិតផ្លូវដ៏មមាញឹកមួយ។
លោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានអត្ថាធិប្បាយថា “ការធ្លាក់យន្តហោះនៅថ្ងៃនេះនៅក្នុងស្រុក Palm Beach រដ្ឋ Florida គឺជាសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយ” ដោយបញ្ជាក់ថាមនុស្សទាំងប្រាំបួននាក់នៅលើយន្តហោះបានស្លាប់។
លោក Duffy បាននិយាយថា យន្តហោះ Learjet 60 បានចេញដំណើរពីទីក្រុង Austin រដ្ឋ Texas ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេស Bahamas។
គ្រោះថ្នាក់នេះបានកើតឡើងនៅជិត Cresthaven ដែលជាតំបន់លំនៅដ្ឋានមួយនៅក្នុងស្រុក Palm Beach ចម្ងាយប្រហែល ១១ គីឡូម៉ែត្រពីរមណីយដ្ឋាន Mar-a-Lago របស់លោក Trump។
លោកប្រធានាធិបតី Trump ក៏បានស្ថិតនៅ Mar-a-Lago នៅថ្ងៃទី 1 ខែវិច្ឆិកា ហើយបានចេញដំណើរពីអាកាសយានដ្ឋានក្បែរនោះ ដែលទើបតែត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិ Donald J. Trump។ លោកបានឡើងយន្តហោះ Air Force One នៅម៉ោង 11:55 ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃទី 1 ខែវិច្ឆិកា ប្រហែលមួយម៉ោងមុនពេលយន្តហោះ Learjet ធ្លាក់។
តំបន់នោះត្រូវបានគេរាយការណ៍ថាកំពុងជួបប្រទះនឹងព្យុះផ្គររន្ទះ។ លោក Trump ត្រូវបានគេឃើញកាន់ឆ័ត្រមួយពេលកំពុងឡើងយន្តហោះ Air Force One។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រកាសថា ខ្លួនរួមជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) នឹងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕
រូបថត: AP










