ខេត្តកណ្តាល÷ យុវតីជាកម្មកររោងចក្រ២នាក់ បានបាក់ដៃ និងបាក់ជើងរបួសធ្ងន់គួរឲ្យអាណិត បន្ទាប់ពីត្រូវបុរសស្រវឹងស្រាម្នាក់បើកម៉ូតូកង់បីចូលចំណែកផ្លូវផ្ទុយទិសជ្រុលទៅបុកពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញតាមចាប់ប្រគល់ឲ្យនគរបាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី៣១ ខែ តុលា ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចន្លោះស្ពានលេខ៥៣ និង៥៤ ស្ថិតនៅក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់នេះ ភាគីរងគ្រោះមានអ្នកបើកបរម៉ូតូឈ្មោះ ស៊ិន ដាលីន (ស្រី, ២៣ឆ្នាំ) រងរបួសបាក់ឆ្អឹងដៃខាងឆ្វេង និងអ្នករួមដំណើរឈ្មោះ អ៉ី ស្រីទូច (ស្រី, ២៧ឆ្នាំ) រងរបួសជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះទាំង ២នាក់ នេះមានមុខរបរជាកម្មកររោងចក្រ និងជិះម៉ូតូចំនួន ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AF-0909 (មិនពាក់មួកសុវត្ថិភាពទាំង ២នាក់)។
ចំណែកឯជនបង្កមានឈ្មោះ ហូ វុឌ្ឍី (ប្រុស, ៤៨ឆ្នាំ) មុខរបរបើកម៉ូតូកង់បី មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ បើកបរម៉ូតូកង់បីចំនួន ១គ្រឿង ម៉ាក BAJAJ RE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HB-1264។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើ តេស្តរកឃើញថា ជនបង្ករូបនេះមានផ្ទុកជាតិស្រវឹងកម្រិត ០,៦៨៤មីលីក្រាមក្នុងមួយលីត្រខ្យល់ (0.684mg/L) និងគ្មានប័ណ្ណបើកបរនោះទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនបង្កបានបើកម៉ូតូកង់បីក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបើកចូលចំណែកផ្លូវផ្ទុយទិស ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសែនស្រុកកោះធំ និងបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ក្រោយបង្កហេតុរួច ជនបង្កបានបើកម៉ូតូកង់បីរត់គេចខ្លួនចេញពីកន្លែងកើតហេតុបានចម្ងាយប្រហែល ១២០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋដេញតាមមកដល់ចំណុចមុខមន្ទីរពេទ្យតេជោសែនស្រុកកោះធំ រួចក៏បានរាយការណ៍ហៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនបង្កបាន ឪពុកបង្កើតរបស់យុវតីរងគ្រោះឈ្មោះ ស៊ិន សារ៉ន (ប្រុស, ៥៩ឆ្នាំ) បានមកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចចាត់ការជនបង្កតាមផ្លូវច្បាប់។ បច្ចុប្បន្ន ជនសង្ស័យដែលជាអ្នកបើកបរម៉ូតូកង់បី រួមទាំងវត្ថុតាងម៉ូតូចំនួន ២គ្រឿង ត្រូវបានកម្លាំងជំនាញនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










