ខេត្តសៀមរាប៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អមដំណើរដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និង លោក សៀង ណាំ តំណាងរាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការបើកផ្លូវថ្មីមួយខ្សែ ដែលមានប្រវែងជិត ៥០០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីផ្លូវនេះត្រូវបានបិទខ្ទប់មិនឱ្យធ្វើដំណើរអស់រយៈពេលជាង ៣០ឆ្នាំមកហើយ។
សូមជម្រាបថា លក្ខណៈបច្ចេកទេស នៃផ្លូវយុទ្ធសាស្ត្រសំខាន់មួយនេះ បានតភ្ជាប់ពីកែងផ្សារញ៉ែ ឆ្ពោះទៅកាន់ផ្លូវមុខមណ្ឌលកម្សាន្តកេសរកូល មានប្រវែងសរុប ៤៦០ម៉ែត្រ ទទឹង ៩ម៉ែត្រ និងសាងសង់ជាប្រភេទផ្លូវកៅស៊ូ (BEST) ដោយកងវិស្វកម្ម សម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប។
ជាមួយគ្នានេះ រដ្ឋបាលក្រុងសៀមរាប បានបង្ហាញក្តីរំពឹងទុក និងសុទិ្ធនិយមយ៉ាងខ្លាំងថា ក្រោយពេលបើកឱ្យចរាចរណ៍ជាផ្លូវការឡើងវិញ ផ្លូវខ្សែនេះនឹងជួយ កាត់បន្ថយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងទីក្រុងបានមួយកម្រិតធំ ជាពិសេសក្នុងឱកាសបុណ្យទានផ្សេងៗ ព្រមទាំងជួយ ជំរុញចលនារកស៊ី និងបង្កើតសកម្មភាពអាជីវកម្ម ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ដោយ៖តារា










