ក្រុមហ៊ុនផលិតមនុស្សយន្តចិនស្ទាត់ជំនាញចលនាហើយ ឥឡូវប្រកួតប្រជែងលើការអភិវឌ្ឍ «ខួរក្បាល AI»

ចែករំលែក៖

ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ចិន កំពុងបង្វែរការវិនិយោគពីការផលិតមនុស្សយន្តដែលអាចរត់ រាំ និងធ្វើកាយវិការកាយសម្ព័ន្ធ ទៅរកការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដែលអាចធ្វើឱ្យមនុស្សយន្តមានសមត្ថភាពបំពេញការងារបានច្រើនប្រភេទ។

វិស័យនេះហៅថា Embodied AI ដែលជាបច្ចេកវិទ្យាអនុញ្ញាតឱ្យមនុស្សយន្តយល់ពីបរិស្ថានជុំវិញ រៀនការងារថ្មីៗ និងសម្របខ្លួនដោយមិនចាំបាច់សរសេរកម្មវិធីសម្រាប់ការងារនីមួយៗ។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ ITjuzi ក្រុមហ៊ុន Embodied AI របស់ចិនបានទទួលមូលនិធិចំនួន ៩៣,៥ ពាន់លានយ័ន (ប្រមាណ ១៣ ពាន់លានដុល្លារ) តាមរយៈកិច្ចព្រមព្រៀងវិនិយោគចំនួន ៣២២ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលកើនឡើង ៥ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកជំនាញលើកឡើងថា នៅពេលតម្លៃផ្នែករឹងរបស់មនុស្សយន្តកាន់តែថោក ក្រុមហ៊ុនផលិតកំពុងយល់ថា ប្រាក់ចំណេញនាពេលអនាគតមិនស្ថិតនៅលើតួមនុស្សយន្តទេ ប៉ុន្តែស្ថិតនៅលើ «ខួរក្បាល AI» របស់វា។

ការប្រកួតប្រជែងនេះក៏កំពុងបើកសមរភូមិថ្មីក្នុងការប្រជែងបច្ចេកវិទ្យារវាងអាមេរិក និងចិន។ ខណៈក្រុមហ៊ុនអាមេរិកមានប្រៀបលើប្រព័ន្ធ AI មនុស្សយន្តកម្រិតខ្ពស់មួយចំនួន ក្រុមហ៊ុនចិនសង្ឃឹមថា កម្លាំងផលិតកម្ម និងទិន្នន័យពីការប្រើប្រាស់ជាក់ស្តែង នឹងជួយឱ្យពួកគេប្រកួតប្រជែងបាន។

ក្រុមហ៊ុនចិនដូចជា X Square, Galaxea និង Spirit AI សុទ្ធតែទទួលបានតម្លៃវាយតម្លៃប្រមាណ ៣ ពាន់លានដុល្លារក្នុងមួយក្រុមហ៊ុន។ ចំណែកក្រុមហ៊ុនធំៗដូចជា UBTech និង Unitree ក៏កំពុងពង្រីកការវិនិយោគលើការស្រាវជ្រាវ AI ផងដែរ។

ចំណុចសំខាន់មួយនៃការអភិវឌ្ឍនេះ គឺការប្រមូលទិន្នន័យសម្រាប់បង្រៀនមនុស្សយន្តឱ្យអាចធ្វើសកម្មភាពជាក់ស្តែង ដូចជាចាប់កាន់វត្ថុ ឬប្រើប្រាស់ខ្សែភ្លើងដែលអាចបត់បែនបាន។ ក្រុមហ៊ុនខ្លះប្រើមនុស្សបង្ហាញសកម្មភាព ខ្លះប្រើការក្លែងធ្វើតាមកុំព្យូទ័រ និងខ្លះទៀតប្រើវិធីសាស្ត្រទាំងពីររួមគ្នា។

ទោះជាយ៉ាងណា ឧស្សាហកម្មនេះនៅតែប្រឈមនឹងបញ្ហាខ្វះខាតបន្ទះឈីប Nvidia កម្រិតខ្ពស់ ដោយសារការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិក ព្រមទាំងការប្រកួតប្រជែងខ្លាំង និងការព្រួយបារម្ភអំពីតម្លៃវាយតម្លៃក្រុមហ៊ុនដែលអាចខ្ពស់ហួសហេតុ។

ក្រុមហ៊ុនចិនកំពុងព្យាយាមកាត់បន្ថយតម្រូវការថាមពលកុំព្យូទ័រ តាមរយៈការបង្កើតម៉ូដែល AI ដែលមានប្រសិទ្ធភាព និងការប្រើទិន្នន័យសិប្បនិម្មិត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកដូចជា Huawei ក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាជំនួសផលិតផលរបស់ Nvidia ផងដែរ។

អ្នកបង្កើតក្រុមហ៊ុន Unitree លោក Wang Xingxing បានលើកឡើងថា ម៉ូដែល GPT-7 ដែលអាចចេញនៅឆ្នាំក្រោយ អាចនាំឱ្យវិស័យមនុស្សយន្តមាន «ChatGPT Moment» ផ្ទាល់ខ្លួន ដែលជាការផ្លាស់ប្តូរដ៏ធំមួយក្នុងសមត្ថភាពបច្ចេកវិទ្យា។

...

ទោះជាយ៉ាងណា អ្នកជំនាញព្រមានថា ការបង្ហាញសមត្ថភាពមនុស្សយន្តក្នុងការសាកល្បង មិនមានន័យថាវាអាចប្រើប្រាស់បានទូលំទូលាយក្នុងអាជីវកម្មភ្លាមៗនោះទេ។ ការធ្វើឱ្យមនុស្សយន្តអាចបំពេញការងារថ្មីៗបានដោយទុកចិត្តបាន នៅតែត្រូវការពេលវេលា និងការអភិវឌ្ឍបន្ថែមទៀត។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print