នាំខ្លួនអ្នកបើកបររថយន្តទំនើប និងអង្គរក្សមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបុកកង់បីហើយរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ÷អ្នកបើកបររថយន្តស៊េរីទំនើបចំនួន ១គ្រឿង រួមទាំងអង្គរក្ស ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេបានបើករថយន្តបុកម៉ូតូកង់បី រួចហៅបក្ខពួកមកដឹកគេចខ្លួនបាត់ស្រមោល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាយប់ កាលពីថ្ងៃទី១ វិច្ឆិកា ២០២៦ នៅក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានករណីរថយន្តស៊េរីទំនើបបើកបុកប៉ះម៉ូតូកង់បីរួចមក ភាគីបង្កមិនបានចុះដោះស្រាយជាមួយអ្នករងគ្រោះនោះទេ ដោយបែរជាហៅបក្ខពួកយករថយន្តចំនួន ១គ្រឿង ទៀតមកដឹកចេញ និងទុកឲ្យម្ចាស់ម៉ូតូកង់បីនៅទីនោះតែម្នាក់ឯង។ ទង្វើនេះត្រូវបានមហាជនរិះគន់ និងចែករំលែកព័ត៌មានយ៉ាងព្រោងព្រាត រហូតដល់កម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវជាបន្ទាន់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹក កាលពីថ្ងៃទី២ វិច្ឆិកា ២០២៦ លោក ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធភ្លាមៗ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរ រួមទាំងអង្គរក្ស មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ភាគីបង្ករួមទាំងរថយន្ត កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ម៉ូតូកង់បីចូលមកដោះស្រាយ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print