លួចនាំចូលជ្រូក ៦៥ក្បាល ពីវៀតណាម! ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល÷ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រកាសនាថ្ងៃទី២ ខែវិច្ឆិកានេះថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះប្រតិបត្តិការត្រួតពិនិត្យជាក់ស្ដែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើផ្លូវជាតិលេខ២ ជិតផ្សារសៀមរាបកន្ទួត ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយបានឃាត់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ ២M-៥០៣៤ ដឹកសត្វជ្រូករស់ចំនួន ៦៥ក្បាល នាំចេញពីប្រទេសវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តតាកែវ។

 

ក្រោយពីមន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា ការដឹកជញ្ជូនជ្រូករស់ខាងលើ ពុំមានលិខិតអនុញ្ញាតឱ្យនាំ ចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។

 

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print