មន្ត្រីជំនាញស្ទាក់ចាប់ករណីលួចនាំចូលកូនមាន់៣ម៉ឺនក្បាលខុសច្បាប់ពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តព្រៃវែង÷ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនិងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់រថយន្ដ១គ្រឿងដែលលួចនាំចូលកូនមាន់រស់ចំនួន៣ម៉ឺនក្បាលពីប្រទេសវៀតណាមដោយខុសច្បាប់ នៅលើផ្លូវជាតិលេខ៨ ជិតព្រំប្រទល់ខេត្តកណ្ដាលនិងខេត្តព្រៃវែង ត្រង់ចំណុចឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

បើតាមមន្ត្រីជំនាញ កូនមាន់រស់ទាំងនេះ ត្រូវបានឈ្មួញលួចនាំចូលតាមរថយន្ត ១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ ៣G-៨០៤០ នាំចេញមកពីប្រទេសវៀតណាមតាមច្រកព្រំដែនបន្ទាយចក្រី ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តកំពង់ឆ្នាំង។

តាមការពិនិត្យជាក់ស្ដែង ការដឹកជញ្ជូនកូនមាន់រស់ខាងលើនេះពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនោះទេ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញបាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print