ខេត្តកំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ឧបសគ្គធំបំផុតក្នុងវិស័យអប់រំកាលពីអតីតកាលគឺកង្វះខាតសាលារៀន ដែលតម្រូវឱ្យកុមារត្រូវបួសរៀន ឬចាកចេញពីស្រុកកំណើតទៅឆ្ងាយ និងទទួលបានការសិក្សាកម្រិតទាបប៉ុណ្ណោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្រោយពេលប្រទេសជាតិទទួលបានសន្តិភាពពេញលេញ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយអប់រំដ៏មានសារៈសំខាន់ គឺការពង្រាយសាលារៀនឱ្យបានទូទាំងប្រទេស ដើម្បីកុំឱ្យក្មេងៗជំនាន់ក្រោយជួបប្រទះការលំបាកដូចក្មេងជំនាន់មុន។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់សប្បុរសជននានា បន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងពង្រីកសាលារៀនជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពីព្រោះតំបន់ជនបទមួយចំនួនកំពុងមានកំណើនសិស្សានុសិស្សច្រើន ដែលបង្កឱ្យជួបប្រទះបញ្ហាប្រឈមខ្វះខាតទាំងថ្នាក់រៀន និងគ្រូបង្រៀន រហូតដល់សាលារៀនខ្លះមានចំនួនសិស្សរៀនក្នុងមួយថ្នាក់ជិត ៨០នាក់៕
ដោយ ៖ សិលា


















