សារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យសញ្ញាពីភាពរីកចម្រើនក្នុងកិច្ចចរចាជាមួយអ៉ីរ៉ង់ដើម្បីបញ្ចៀសការវិលត្រឡប់ទៅរកសង្រ្គាម ខណៈតេហេរ៉ង់និយាយថាកិច្ចចរចាកំពុងបន្តដំណើរការទៅមុខ និងស្នើបើកច្រកសមុទ្រ Hormuz នៅក្រោមលក្ខខណ្ឌមួយចំនួន។
ការកត់សម្គាល់របស់លោក ដូណាល់ ត្រាំ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ធ្វើឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍នៅថ្ងៃចន្ទថាសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់។ នេះជាការវាយប្រហារចុងក្រោយបំផុតមួយដែលស្ថិតនៅក្នុងចំណោមការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់ទ្រង់ទ្រាយតូចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
តាមសារព័័ត៌មានអាមេរិកនេះដដែល ការវាយប្រហារលើខាងត្រូវបានធ្វើឡើងក្នុងទ្រង់ទ្រាយតូច និងមានគោលដៅរក្សាការសម្ងាត់ ធ្វើដូច្នេះដើម្បីចៀសវាងការបញ្ជូន សញ្ញាពីចេតនាណាមួយក្នុងការចាប់ផ្ដើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៉ីរ៉ង់។ ក៏ប៉ុន្តែ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកភ្លាមៗ មិនបានឆ្លើយតបទៅនឹងការស្នើសុំការធ្វើអត្ថាធិប្បាយនោះទេ។
តាមលោក ត្រាំ កិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់អាចនឹងកើតឡើងក្នុងពេលឆាប់ៗ ហើយថាអ៉ីរ៉ង់ចង់ផ្សះផ្សាបិទបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ព្រមពេលជាមួយគ្នា អនុប្រធានាធិបតីអាមេរិក លោក JD Vance ក៏បានលើកឡើងផងដែរថារូបលោក និងលោក ត្រាំ មានសុទិដ្ឋិនិយមចំពោះការឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់។ «យើងពិតជាសម្រេចបានភាពរីកចម្រើនមួយចំនួន។ យើងនឹងបានឃើញថាតើយើងអាចនឹងសម្រេចបានភាពរីកចម្រើនមួយចំនួនបន្ថែមទៀតឬក៏យ៉ាងណា»? នេះជាការគូសបញ្ជាក់របស់លោក JD Vance កាលពីថ្ងៃចន្ទ មួយថ្ងៃមុននឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅថ្ងៃអង្គារសប្ដាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi បានទទួលស្គាល់កាលពីថ្ងៃចន្ទថាកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនបាន និងកំពុងដំណើរការតាមរយៈក្រុមអ្នកសម្របសម្រួល។ ចិនឯណោះវិញ ក៏បានជំរុញឱ្យត្រឡប់ទៅរកិច្ចចរចាវិញផងដែរ ខណៈប្រមុខសន្តិសុខរបស់អ៉ីរ៉ង់បានពិភាក្សាអំពីជម្លោះជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។
ប៉ុន្តែគេមិនទាន់ច្បាស់នៅឡើយទេថាតើសេចក្ដីរាយការណ៍ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកោះ Qeshm របស់អ៉ីរ៉ង់ នឹងនាំទៅរក កិច្ចព្រមព្រៀង ឬការវិលត្រឡប់ទៅសង្រ្គាមវិញឬក៏យ៉ាងណាឡើយ៕

រូបថត: Reuters









