ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ សហការជាមួយមន្រ្តីសហគមន៍នេសាទឃុំត្នោតជុំ ចុះពិនិត្យ និងបង្រ្កាបឧបការណ៍ដាក់បិទទទឹងអូរចាប់ត្រី ប្រភេទរបាំងព្រួល សាច់អួនក្រឡាល្អិត និងដាយច្រើនក្លែង ដោយធ្វើការរុះរើ និងដុតកម្ទេចចោលនូវវត្ថុតាង ។
ករណីកម្លាំងសហការបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីថ្ងៃអង្គារ ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយដងអូរ(អូរជ័រ)ចំណុចអន្លង់ចោរចំនួន៣កន្លែង និងចំណុចទែនម៉ៅចំនួន៦កន្លែង សរុបចំនួន០៩កន្លែង ស្ថិតនៅភូមិដំបូក១០០ និងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក អនុសេនីយ៍ឯក កុយ កូណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានឲ្យដឹងតាមបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា លទ្ធផលៈ កម្លាំងធ្វើការរុះរើ កាប់បំផ្លាញ បង្គោល របាំងព្រួល ដុតកម្ទេចសាច់អួនក្រឡាល្អិត និងដាយ ដាក់កាត់ទទឹងអូរដើម្បីចាប់ត្រី នៅតំបន់ខាងលើ ចំនួន០៩កន្លែង ក្នុងនោះក៍បានដកហូតទូកស្មាច់១ផងដែរ ។ លោក អនុសេនីយ៍ឯក កុយ កូណា នាយរងប៉ុស្តិ៍បន្តថា លោក សន្យានឹងបន្ដសហការណ៍ចុះបង្រ្កាបបញ្ហានេះឲ្យដូចភ្លៀងរលឹម ។ លោក បញ្ជាក់បន្ថែមទៀតថា កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅថ្មីៗនេះ លោក បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ដើម្បីធ្វើការបង្រ្កាបឧបករណ៍ចាប់ត្រីប្រហាក់ប្រហាលគ្នានេះដែរ ត្រង់ចំណុចអូរឈើទាលរូង ព្រំប្រទល់ស្រុកក្រគរ និងក្រុងពោធិ៍សាត់ លទ្ធផលៈ បំផ្លាញចោលចំនួន៤ក្លែងផងដែរ ។
បើយោងមត្តិលើកឡើងពីមជ្ឍដ្ឋាននានានៃភូមិដំបូក១០០ និងភូមិថ្មី ថា ពាក់ព័ន្ធករណីសមត្ថកិច្ចសហការណ៍បង្រ្កាបឧករណ៍ដាក់បិទទទឹងអូរខាងលើនេះ នៅតាមបណ្ដោយអូរជ័រ ពិសេសចំណុចអន្លង់ចោរនោះតែម្ដង ក៍ដូចជាតាមបណ្ដោយដងស្ទឹង ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ពុំបានធ្វើការបង្រ្កាបនៅឡើយទេ សូមបន្តចុះពិនិត្យ និងបង្រ្កាបផងទាន ៕













