ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៣៣គ្រួសារ នៅតាមបណ្តាស្រុកចំនួន៣។
ដំណើរអញ្ជើញចុះសំណេះសំណាលនេះ ក៏មានការចូលរួមអមដំណើរពីសំណាក់ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ ផងដែរ។
តាមរយៈរបាយការណ៍បឋមបានបង្ហាញថា គ្រួសាររងគ្រោះទាំង ១៣៣គ្រួសារនោះ រួមមាន ស្រុកព្រៃកប្បាស ចំនួន ៧៣ខ្នងផ្ទះ (ក្នុងនោះរលំទាំងស្រុង ១៧ខ្នងផ្ទះ) ស្រុកបាទីចំនួន ៤៩ខ្នងផ្ទះនិងស្រុកអង្គរបូរីចំនួន ១១ខ្នងផ្ទះ (ក្នុងនោះរលំទាំងស្រុង ១ខ្នងផ្ទះ) ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះនាឱកាសនោះ លោក វ៉ី សំណាង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពល រដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ស្របតាមទិសស្លោកប្រពៃណីថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច ។
លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ ក៏ដូចជាបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះដែលតែងតែកើតមានឡើងជាយថាហេតុ។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុ ត្រៀមលក្ខណៈបម្រុងទុកឱ្យបានគ្រប់គ្រាន់ ព្រមទាំងស្វែងរកទីទួលសុវត្ថិភាព ដើម្បីជម្លៀស និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយកើត ឡើង។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបានរួមមានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំ ១កញ្ចប់ ទឹកត្រី ៣ដប និងទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ ដោយឡែកសម្រាប់គ្រួសាររងគ្រោះដែលរលំផ្ទះទាំងស្រុង ទទួលបានការឧបត្ថម្ភបន្ថែមនូវ តង់ធំចំនួន១ ព្រមទាំងថវិកាមួយចំនួនផងដែរ ៕
ប្រភព ៖ រដ្ឋបាលខេត្តតាកែវ










