កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា-ឡាវ-វៀតណាម លើកទី១៩ ស្ដីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន»

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី ត្រីភាគី ទ្វេភាគី កម្ពុជា-ឡាវ-វៀតណាម លើកទី១៩ ស្ដីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, លោក ឧត្តមសេនីយ៍ទោ គង់សាវ៉ាត់ ប៊ុនលៀង អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាប្រធានគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធីជាច្រើនរូបទៀត។

 

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា កិច្ចប្រជុំនាឱកាសនេះ គឺមានសារៈសំខាន់ក្នុងការពិនិត្យនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលបានអនុវត្តនាពេលកន្លងមក ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ព្រមទាំងពិភាក្សាអំពីទិសដៅ និងវិធានការចាំបាច់ ដើម្បីបន្តពង្រឹងកិច្ចសហការឱ្យ កាន់តែមានភាពសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាព។

 

លើសពីនេះ លោកនាយឧត្តមសេនីយ៍ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការពិភាក្សាប្រកបដោយភាពស្មោះត្រង់ ការយោគយល់ និងស្មារតីសហប្រតិបត្តិការ កិច្ចប្រជុំនេះ នឹងទទួលបានលទ្ធផលជាក់ស្តែង ដែលរួមចំណែកដល់ការលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសយើងទាំងបី។

 

លោកសន្តិបណ្ឌិត នេត សាវឿន បានជឿជាក់ថា តាមរយៈការជួបជុំ និងការពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្មារតី ជួយគ្នាទៅវិញទៅមកនេះ នឹងអាចពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដែលជាបញ្ហាប្រឈមរួមរបស់យើង។

 

ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ លោកសន្តិបណ្ឌិត ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម និងឡាវ បានបន្តរក្សាស្មារតីសហប្រតិបត្តិការ ដ៏មានសារៈសំខាន់នេះ និងជានិច្ចកាល ផ្តល់អាទិភាពចម្បង និង គុណតម្លៃដល់យន្តការ កិច្ចប្រជុំនេះ និងជាពិសេស បន្តយកចិត្តទុកដាក់ និង ចូលរួមយ៉ាងសកម្ម ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ឱ្យមាននិរន្តរភាព និងកាន់តែមាន ប្រសិទ្ធភាព។

 

លើសពីនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយភាគីវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធ ដោយឈរលើស្មារតីសាមគ្គីភាព ការគោរពគ្នា ទៅវិញទៅមក និងការទទួលខុសត្រូវរួម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print