ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងពិធីអភិសេក រូបបដិមា ព្រះគោ ព្រះកែវ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីប្រវត្តិរបស់ បដិមាព្រះគោព្រះកែវ ដែលបានរៀបចំសម្ពោធនាពេលនេះ នឹងក្លាយជាឱកាសមួយសម្រាប់យើងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងវប្បធម៌ ជំនឿ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។ ព្រោះថា ព្រះគោ ព្រះកែវ មានវត្តមាននៅក្នុងរឿងព្រេង និងទំនៀមទម្លាប់មួយចំនួនរបស់ខ្មែរ ព្រមទាំងមានទំនាក់ទំនងជាមួយមរតកសិល្បៈ និងជំនឿដែលបានបន្តឆ្លងកាត់ជាច្រើនជំនាន់។ ការសិក្សាអំពីរូបសំណាក និងនិមិត្តរូបបែបនេះ ជួយឱ្យយើងយល់ដឹងអំពីរបៀបដែលបុព្វបុរសយើងបានបង្កើត សម្របសម្រួល និងបន្តតម្លៃវប្បធម៌របស់ខ្លួន។ ចំណែកឯសមិទ្ធិផលថ្ងៃនេះ គឺជាការចូលរួមលើកតម្លៃផ្នែកសិល្បៈ តម្លៃផ្នែកវប្បធម៌ និងតម្លៃផ្នែកសង្គម ដោយអាចបម្រើជាចំណុចសម្រាប់ការអប់រំ ការសិក្សា ស្រាវជ្រាវ និងការផ្សព្វផ្សាយអត្តសញ្ញាណជាតិក្នុងសហគមន៍ ពិសេស សម្រាប់យុវជនជំនាន់ក្រោយ។ ម៉្យាងទៀត នឹងបានចូលរូមចំណែកអភិរក្ស និងលើកស្ទួយវប្បធមខ្មែរ បង្កើនសក្តានុពលទេសចរណ៍ លើកកម្ពស់សោភ័ណភាពទីរួមខេត្តឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីការកសាងរូបសំណាកនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ ការកសាងរូបសំណាកនេះត្រូវបានជំនួសរូប ព្រះវិស្ណុគង់លើគ្រុឌ ត្រូវបានយាងត្រលប់ទៅតំកម្កល់ទុកនៅក្នុងខេត្តសៀមរាបវិញ ៕














