យោងតាមBBC នៅថ្ងៃទី៣ខែវិច្ឆិកា បានអោយដឹងថា រោងចក្រកាត់ដេររាប់រយកន្លែងនៅក្នុងប្រទេសបង់ក្លាដែសត្រូវបានបង្ខំឱ្យបិទទ្វារបន្ទាប់ពីការតវ៉ារយៈពេលជាច្រើនថ្ងៃដោយកម្មករដែលទាមទារប្រាក់ឈ្នួលខ្ពស់។
នៅថ្ងៃអាទិត្យ ការតវ៉ានៅក្នុងរដ្ឋធានីដាកាបានប្រែក្លាយទៅជាអំពើហិង្សា ដោយក្រុមបាតុករបានបិទផ្លូវ បំផ្លាញរោងចក្រ និងដុតយានយន្ត។ ពួកគេក៏បានប៉ះទង្គិចជាមួយប៉ូលីស ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ ក្រោយមកប៉ូលីសបាននិយាយថា ក្រុមបាតុកររាប់សិបនាក់ត្រូវបានចាប់ខ្លួន។
កម្មករកំពុងទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន 30,000 តាកា (242 ដុល្លារ; 180 ផោន) ដែលច្រើនជាងទ្វេដងនៃស្តង់ដារបច្ចុប្បន្ន ដោយលើកឡើងពីការកើនឡើងនៃថ្លៃដើមនៃការរស់នៅ។
ឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេសបង់ក្លាដែសមានកម្មករប្រហែលបួនលាននាក់ និងផលិតសម្លៀកបំពាក់សម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោក រួមមាន H&M, Primark និង Uniqlo។
មានការភ័យខ្លាចនៅក្នុងឧស្សាហកម្មនេះថា ភាពចលាចលដ៏អូសបន្លាយអាចរំខានដល់ការផលិត និងប៉ះពាល់ដល់អ្នកទិញអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ BSS។
ឧស្សាហកម្មកាត់ដេរបង្កើតចំណូលជិត ៤០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំសម្រាប់ប្រទេសបង់ក្លាដែស ដែលមានចំនួនប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។
រូបថត: BBC










