ខេត្តតាកែវ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនអធិការរងនគរបាលស្រុកអង្គរបូរីម្នាក់ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហោះសេចក្តីបំភ្លឺព័ត៌មាន ដោយភ្ជាប់ជាមួយឯកសារតុលាការសម្រេចឃុំខ្លួន ចុះថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៦។
យោងតាមខ្លឹមសារនៃការបំភ្លឺ និងឯកសារតុលាការដែលបានផ្សព្វផ្សាយ អធិការរងរូបនេះត្រូវបានកសាងសំណុំរឿង និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើស «ជួញដូរ និងប្រើប្រាស់គ្រឿងញៀន»។
គួររំលឹកថា លោក ពួយ សោវណ្ណដេត ដែលត្រូវបានរាយការណ៍ថា ជាអធិការរងនគរបាលស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃ២២ ខែតុលា ឆ្នាំ២០២៦ បែកធ្លាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោយឃាត់ខ្លួន លោកត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះ ក៏មានព័ត៌មានពីប្រភពមួយចំនួនលើកឡើងអំពីរឿងរ៉ាវក្នុងជីវិតផ្ទាល់ខ្លួនរបស់លោក ដោយអះអាងថា ភរិយាបានទៅជួបប្រទះលោកកំពុងស្នាក់នៅជាមួយស្ត្រីម្នាក់ផ្សេងទៀត ទោះជាយ៉ាងណា ព័ត៌មានផ្នែកនេះមិនទាន់មានការបញ្ជាក់ឯករាជ្យពីភាគីពាក់ព័ន្ធនៅឡើយទេ។
អ្វីដែលសាធារណជនកំពុងចាប់អារម្មណ៍បន្ថែមទៀត គឺការអនុវត្តវិធានការវិន័យ និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ ចំពោះមន្ត្រីដែលត្រូវបានតុលាការចាត់ការតាមនីតិវិធីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះ៕
ដោយ៖ សុរិយា













