ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ឯកសារប្រវត្តិសាស្ត្រ សន្ធិសញ្ញា និងផែនទីរក្សាទុកដោយបារាំង គឺជាអាវក្រោះផ្លូវច្បាប់ និងភស្តុតាងដ៏មានតម្លៃ ក្នុងការការពារអធិបតេយ្យ និងព្រំដែនកម្ពុជា។ សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរៀបចំពិព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តាមស្មារតីស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ យើងមិនអាចមើលរំលងនូវតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសបារាំងទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ដែលក្នុងកាលៈទេសៈនេះ គឺកម្ពុជាត្រូវការពង្រឹងមូលដ្ឋានផ្លូវច្បាប់ គឺឯកសារបណ្ណសារប្រវត្តិសាស្ត្រពីសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារទឹកដី អធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា៕
ដោយ ៖ សិលា










