ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Ford Ranger មួយគ្រឿង ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម រួចបួងចង្កូតជ្រុលទៅបុកទម្លុះចូលក្នុងផ្ទះលក់ថ្នាំពេទ្យមួយកន្លែង បណ្តាលឱ្យខូចខាតទ្វារកញ្ចក់ និងធ្វើឱ្យមនុស្សចំនួន ៣នាក់រងរបួសស្រាលចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក Ford Ranger ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8786 ចេញពីផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីកើតទៅលិច។
លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើម។ បន្ទាប់មក ខណៈមានអ្នកចូលទៅជួយរុញរថយន្ត ទំនងជាអ្នកបើកបរភ័យស្លន់ស្លោ ក៏បានជាន់ហ្គែរ និងបួងចង្កូតជ្រុលទៅបុកទម្លុះចូលក្នុងផ្ទះលក់ថ្នាំពេទ្យ បណ្តាលឱ្យខូចខាតទ្វារកញ្ចក់ និងធ្វើឱ្យមនុស្សចំនួន ៣នាក់ ដែលស្ថិតនៅក្នុងផ្ទះ រងរបួសស្រាល។
ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។ ចំណែកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយសំណងជាមួយម្ចាស់ផ្ទះនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










