ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជារៀបចំខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រឹត្តិការណ៍នេះនឹងមានការអញ្ជើញចូលរួមពីមេដឹកនាំបណ្តាប្រទេសធំៗជាង ២០ប្រទេស និងមានអ្នកតំណាងចូលរួមសរុបជាង ៧០ប្រទេស ដោយក្នុងនោះក៏មានវត្តមានរបស់ប្រធានាធិបតីបារាំងផងដែរ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មោទនភាពជាខ្លាំងក្នុងការរៀបចំកិច្ចប្រជុំកម្រិតអន្តរជាតិដ៏ធំនេះឡើង ដែលសបញ្ជាក់ឱ្យឃើញពីការរីកចម្រើន និងកិត្តិនាមរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ហើយការអភិវឌ្ឍ និងកិត្យានុភាពរបស់កម្ពុជាសព្វថ្ងៃ គឺធ្វើឱ្យកម្ពុជាមានកិត្តិយស «ស្មើមុខស្មើមាត់» ជាមួយបណ្តាប្រទេសដទៃទៀត ដែលនេះជាសក្ខីភាពបញ្ជាក់ថា ប្រជាពលរដ្ឋបានបន្តជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ៕
ដោយ ៖ សិលា












