ម្ចាស់ជើងឯកវាយកូនបាល់ ២២ សម័យ Nadal ត្រៀមចូលកាន់តំណែងធំមួយនៅ Real Madrid

ចែករំលែក៖

ក្លឹប Real Madrid ត្រៀមបន្ថែមវីរបុរសម្នាក់មកពីវិស័យកីឡាផ្សេងទៀត ចូលក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន ខណៈការតែងតាំងម្ចាស់ជើងឯកកីឡាវាយកូនបាល់ Grand Slam ២២ សម័យ លោក Rafael Nadal ជាសមាជិកក្រុមប្រឹក្សាភិបាល នឹងត្រូវដាក់ជូនសមាជិកក្លឹបដើម្បីអនុម័តជាផ្លូវការ។ នេះបើតាមការបញ្ជាក់របស់ក្លឹបកាលពីថ្ងៃពុធ។

 

ក្រុមប្រឹក្សាភិបាលបានឯកភាពក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែវិច្ឆិកា ដើម្បីដាក់សំណើតែងតាំងនេះទៅកាន់មហាសន្និបាតតំណាងសមាជិកក្លឹប។ បច្ចុប្បន្ន Nadal ក៏ជាសមាជិកកិត្តិយសរបស់ Real Madrid រួចហើយផងដែរ។

 

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្លឹប Real Madrid បានលើកឡើងថា៖ «នេះគឺជាមោទនភាពដ៏ធំធេងសម្រាប់ Real Madrid និងអ្នកគាំទ្រទាំងអស់របស់យើង ដែលបុគ្គលមានសមត្ថភាពលេចធ្លោទាំងក្នុងវិស័យកីឡា និងជីវិតផ្ទាល់ខ្លួនដូចរូបលោក នឹងចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់យើង»។

 

ក្លឹបក៏បានរំលេចពីសមិទ្ធផលដ៏អស្ចារ្យរបស់ Nadal រួមមានការឈ្នះពានឯកត្តជនលើក្របខណ្ឌ ATP Tour ចំនួន ៩២ លើក មេដាយមាសអូឡាំពិក ២ គ្រឿង ការឈ្នះពាន Davis Cup ចំនួន ៥ លើកជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងការឡើងឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោក។

 

លើសពីសមិទ្ធផលទាំងនេះ Real Madrid បានបញ្ជាក់ថា គុណសម្បត្តិផ្ទាល់ខ្លួនរបស់ Nadal ដូចជា ភាពសុភាពរាបសា ការគោរពគូប្រកួត និងការប្ដេជ្ញាចិត្តក្នុងការងារសប្បុរសធម៌ ក៏ស្របទៅនឹងអត្តសញ្ញាណ និងតម្លៃរបស់ក្លឹបផងដែរ។

 

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា៖ «គុណតម្លៃទាំងអស់នេះ គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ Real Madrid ហើយ Rafael Nadal បានបង្ហាញ និងលើកកម្ពស់គុណតម្លៃទាំងនេះពេញមួយអាជីពកីឡារបស់លោក»។

 

ជាការឆ្លើយតប Nadal បានសម្ដែងការរីករាយ និងទទួលយកការអញ្ជើញនេះ។

 

លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានក្លឹប លោក Florentino Perez និងក្រុមប្រឹក្សាភិបាល ដែលបានអញ្ជើញខ្ញុំឱ្យចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ Real Madrid»។

 

លោកបានបន្ថែមថា៖ «ខ្ញុំបានទទួលយកការអញ្ជើញនេះដោយក្តីរីករាយយ៉ាងខ្លាំង ដោយមានបំណងចង់រៀនសូត្រ និងចូលរួមចំណែកឱ្យបានច្រើនតាមដែលខ្ញុំអាចធ្វើបាន»។

 

Nadal ដែលបានប្រកាសចូលនិវត្តន៍ពីកីឡាវាយកូនបាល់នៅខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានគេលើកឡើងជាយូរមកហើយថា អាចជាអ្នកស្នងតំណែងរបស់ប្រធានក្លឹប Real Madrid លោក Florentino Perez នាពេលអនាគត ប៉ុន្តែ Nadal ធ្លាប់បានបដិសេធមិនផ្ដល់សារៈសំខាន់ខ្លាំងចំពោះលទ្ធភាពនេះទេ។

 

លោក Perez វ័យ ៧៩ ឆ្នាំ បានទទួលអាណត្តិថ្មីរយៈពេល ៤ ឆ្នាំទៀតកាលពីខែមិថុនា បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានក្លឹបដែលមានបេក្ខជនប្រកួតប្រជែងជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។

 

គួរឱ្យកត់សម្គាល់ថា សមាជិកក្លឹបដែលមានសិទ្ធិបោះឆ្នោតជាងមួយភាគបី បានគាំទ្របេក្ខជនប្រជែងលោក Enrique Riquelme ដែលបានប្រឆាំងនឹងផែនការនាំយកទុនវិនិយោគពីខាងក្រៅចូលមកក្នុងក្លឹប ដែលជាកម្មសិទ្ធិរបស់សមាជិក៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print