ខេត្តព្រះសីហនុ÷ សមត្ថកិច្ចជំនាញនៃស្នងការខេត្តព្រះសីហនុ ដែលបង្ក្រាបបានជនសង្ស័យបុរសជនជាតិចិន៣នាក់ភ្លាមៗ ក្រោយផ្ទុះអាវុធបាញ់ស្ត្រីជនជាតិចិនម្នាក់ឲ្យរងរបួសធ្ងន់នៅក្បែរកាសុីណូឆាងឆឹង។ ករណីបាញ់ប្រហារមួយបានបង្កឡើងដោយជនសង្ស័យជាជនជាតិចិន បាញ់កាំភ្លើងខ្លី ចំនួន០១គ្រាប់ លើស្ត្រីជនជាតិចិនម្នាក់ បណ្តាលឲ្យធ្លុះពោះពីមុខធ្លាយដល់ខ្នង រងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅលើផ្លូវ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្រោយពីទទួលបានដំណឹងនេះភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការខេត្តព្រះសីហនុ បានដឹកនាំបញ្ជារផ្ទាល់ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរឹតធ្ងន់ បានចុះអន្តរាគមន៍ ដឹកនាំកម្លាំង ស្រាវជ្រាវ តាមជំនាញ រហូតក្រោយពេលកើតហេតុបានប្រហែល១ម៉ោង ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនបានបុរសជនសង្ស័យម្នាក់ ជាជនជាតិចិន រហូតបន្តស្រាវជ្រាវឃាត់បានបក្សពួកជនសង្ស័យចំនួន០២នាក់ទៀតជាជនជាតិចិនដូចគ្នា មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួនាំបន្តនីតិវិធី ។
ភ្លាមៗនោះ ដោយស្ថានភាពស្ត្រីជនរងគ្រោះរងរបួសធ្ងន់ពេក ក៏ត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ ។
ចំពោះ មូលហេតុនៃការផ្ទុះអាវុធបាញ់លើ ស្ត្រីរងគ្រោះនោះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់ប្រាប់ពីមូលហេតុបាននៅឡើយទេ ៕
ដោយ៖ សុរិយា










