ខេត្តកោះកុង ៖ លោកស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាត់ក្រុមការងារ ដើម្បីចុះស្រាវជ្រាវលើករណីនេះ ជាលទ្ធផលគឺមានការលួចលេងល្បែង(លេងបៀ) ពិតប្រាកដមែន ចំពោះករណីនេះ ស្នងការ នឹងមានវិធានការ ទៅលើមន្ត្រីនគរបាល ដែលល្មើសនឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
សូមបញ្ជាក់ថា ៖ មានការចែកចាយវីដេអូ និងរូបលើបណ្តាញសង្គម ដែលបង្កឱ្យមានការចាប់អារម្មណ៍ និងមន្ទិលសង្ស័យពីសំណាក់មហាជន ដោយក្នុងវីដេអូត្រូវបានគេអះអាងថា លោកវរសេនីយ៍ត្រី សុខ កុសល្យ អធិការរងនគរបាលស្រុកស្រែអំបិល ទទួលបន្ទុកការងារអន្តោប្រវេសន៍ បាននាំបក្ខពួកគ្នីគ្នាលេងល្បែងស៊ីសងនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះត្រូវបានគេអះអាងថា បានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ប៉ុន្តែទើបតែមានការបែកធ្លាយវីដេអូ និងចែកចាយជាសាធារណៈនៅពេលនេះ។
ក្នុងវីដេអូដែលត្រូវបានចែកចាយ គេបានអះអាងថា បុរសដែលអង្គុយលើកៅអី និងចូលរួមក្នុងសកម្មភាពខាងលើ គឺលោកវរសេនីយ៍ត្រី សុខ កុសល្យ ដែលជាអធិការរងទទួលការងារអន្តោប្រវេសន៍ ឬគ្រប់គ្រងជនបរទេស ហើយទីតាំងដែលត្រូវបានគេអះអាងថាមានការលែងល្បែងស៊ីសងនោះ គឺស្ថិតនៅក្នុងបន្ទប់ការងាររបស់លោកផ្ទាល់តែម្តង៕
ដោយ ៖ សិលា










